តំបន់បឹងព្រែកទប់ ឋិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាបឹងធម្មជាតិស្តុកទឹកសាបសម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្រុងព្រះសីហនុ ធ្លាប់មានទំហំប្រមាណ២៧០ហិកតា (គិតទាំងផ្ទៃបឹង និងផ្ទៃរងទឹកភ្លៀងក្រវាត់ព័ទ្ធជុំវិញ) បានទទួលរងនូវភាពហិនហោចជាបន្តបន្ទាប់រហូតដល់នៅសល់ត្រឹមទំហំជាង១០ហិកតាប៉ុណ្ណោះ ដោយសារអាជ្ញាធរមូលដ្ឋាន "ទប់មិនឈ្នះ" ទៅនឹងសកម្មភាពរំលោភបំពានវាតយកដីធ្លីពីគ្រប់មជ្ឈដ្ឋាន ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ហើយអាជ្ញាធរថ្នាក់ខេត្តជំនាន់មុនមួយចំនួនក៏បានចូលរួមប្រព្រឹត្តរំលោភបំពានដោយផ្ទាល់យ៉ាងសកម្មទៀតផង ។
ឥឡូវ នៅទីបំផុត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដែលមានផ្ទៃដីទំហំ១៦,៣ហិកតាប៉ុណ្ណោះ ក្នុងគោលបំណង ៖ -ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ , -ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព , -លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ដោយស្មារតីអនុក្រឹត្យលេខ១៨៧អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីខេត្តព្រះសីហនុ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕