ដោយមិនមានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឬសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឬសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាអ្វីនោះឡើយ គឺព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងលោក ម៉ាត់ សា មេដឹកនាំសាសនាឥស្លាម ក្រុមកនអ៊ីម៉ាំសាន់ ជាឧកញ៉ាឃ្នួរ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៦/៨១៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ។
ស្មារតីព្រះរាជក្រឹត្យលេខ នស/រកត/០៩១៦/៨១៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានត្រាស់បង្គាប់បញ្ជាក់ថា ប្រគល់ភារកិច្ចជូនឧកញ៉ាឃ្នួរ «លោក ម៉ាត់ សា» រៀបចំរចនាសម្ព័ន្ធតាមព្រះវិហារក្រុមកនអ៊ីម៉ាំសាន់នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជាមេដឹកនាំសាសនាឥស្លាម ក្រុមកនអ៊ីម៉ាំសាន់ ។
ថ្វីដ្បិត មាត្រា៤៣ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ។» ក៏ប៉ុន្តែ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញដដែលបានចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិពេញទីខាងជំនឿ ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។ » ដូច្នេះ ទើបព្រះរាជាណាចក្រកម្ពុជាទី២ ចាប់ផ្ដើមមានការតែងតាំងមេដឹកនាំសាសនាឥស្លាមជា «ឧកញ៉ាឃ្នួរ»ហើយ ដោយព្រះតម្រិះរបស់អង្គព្រះមហាក្សត្រតែម្ដង ៕