ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

អាថ៌កំបាំង​ឋិត​នៅ​ពីក្រោយ​នៃ​ការដកហូត​តំណែង​កូនស្រី​ច្បង និង​កូនប្រសា​ស្រី​ជា​អ្នកជំនួញ​ដ៏​ល្បី​ពី​ជំនួយការ​បុរស​ខ្លាំង​

​តាម​ការពិត លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​បាយ័ន និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ត្រូវជា​កូនស្រី​ច្បង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវជា​ភរិយា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ូលិស (​ផ្កាយ​៣) ឌី វិជ្ជា និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី ជា​អ្នកជំនួញ​ដ៏​ល្បី ត្រូវជា​កូនស្រី​របស់​ឯកឧត្តម ពេ​ជ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ត្រូវជា​កូនប្រសា​ស្រី​របស់​បុរស​ខ្លាំង (​ភរិយា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យោធា ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​) ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១០៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០០៨ (​ក្រោយ​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​) ។​

hun-mana-sp

​ប៉ុន្តែ រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ក្រោយមក លោកស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី បែរជា​ត្រូវបាន​ដកហូត​មុខតំណែង​ពី​ជំនួយការ​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៣៨៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១០ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ចាប់អារម្មណ៍ និង​ងឿងឆ្ងល់​អំពី​អាថ៌កំបាំង​ដែល​ឋិត​នៅ​ពីក្រោយ​នៃ​ការដកហូត​មុខតំណែង​របស់​កូនស្រី​ច្បង និង​កូនប្រសា​ស្រី​អ្នកជំនួញ​ដ៏​ល្បី​ពី​ជំនួយការ​របស់​បុរស​ខ្លាំង​ត្រូវជា​ឪពុក និង​ឪពុកក្មេក​នេះ​។​

hun-mana-sp-1

hun-mana-sp-20

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា នៅ​ដើមឆ្នាំ​២០១០ គឺជា​រយៈពេល​នៃ​ការអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ហើយ​មាត្រា​១៧ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​នេះ​បាន​តម្រូវ​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល យោធា នគរបាលជាតិ និង​អ្នករាជការ​សាធារណៈ​ផ្សេងទៀត ដែល​ត្រូវបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ ដូច្នេះ បើ​លោកស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី បន្ត​កាន់តំណែង​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​អនុក្រឹត្យ​នោះ គឺ​ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។ ម្យ៉ាងទៀត លោកស្រី ហ៊ុន ម៉ា​ណា ជា​កូនស្រី​ច្បង​នាយករដ្ឋមន្ត្រី ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា បាននិងកំពុង​ដើរតួ​ទ្រទ្រង់​នូវ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំចម្បង​របស់​ឪពុក​ជា​នាយករដ្ឋមន្ត្រី​ដែលមាន​ប្រាក់បៀវត្សរ៍​តិចតួច​មិន​ធួន​ល្មម​នឹង​ការចំណាយ​ជាក់ស្តែង​របស់​នាយករ​ដ្ឋ​មន្ត្រី​បច្ចុប្បន្ន ដែលជា​ហេតុផល​មួយ​នាំ​ឲ្យ​មានការ​ដកហូត​តំណែង​កូនស្រី​ច្បង និង​កូនប្រសា​ស្រី​ពី​ជំនួយការ​នាយករដ្ឋមន្ត្រី ត្រូវជា​ឪពុក និង​ឪពុកក្មេក ដើម្បី​រួចផុត​ពី​ការប្រកាស​ទ្រព្យសម្បត្តិ​ជូន ACU ជាការ​បង្ក​ស្មុគស្មាញ​។​

n-v-n-hun-mana

n-v-n-hun-mana-1

​ក្រៅពី​ក្រុមហ៊ុន​ជាច្រើន​ទៀត លោកស្រី ហ៊ុន ម៉ា​ណា និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី ព្រមទាំង​លោកស្រី​ឧកញ៉ា ជឹ​ង សុគន្ធា​វី ជា​សាច់ញាតិ​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ​យាយ​ភូ បាន​រួមដៃគ្នា​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ អិន​.​វី​.​អិន ខ​ប​ភើ​រេ​សិន (N.V.N Corporation) មាន​ដើមទុន​ចុះបញ្ជី​ពាណិជ្ជ​កម្មនា​ដើមឆ្នាំ​២០១១ ចំនួន​២ ០០០​លាន​រៀល (​ប្រមាណ​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក​) ដោយ​លោកស្រី ហ៊ុន ម៉ា​ណា ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន និង​លោកស្រី ពេ​ជ ច័ន្ទ​មុនី ព្រមទាំង​លោកស្រី​ឧកញ៉ា ជឹ​ង សុគន្ធា​វី ធ្វើជា​អភិបាល​ក្រុមហ៊ុន​។

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា មុខរបរ​ជំនួញ​ធំៗ និង​សំខាន់ៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ស្ទើរតែ​ទាំងស្រុង​ដោយ​ក្រុមគ្រួសារ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ដោយមាន​លោកស្រី ហ៊ុន ម៉ា​ណា កូនស្រី​ច្បង​បុរស​ខ្លាំង​ដើរតួ​ជា​ចម្បង​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.