លោកឧត្តមសេនីយ៍ Sir Richard Shirreff ជាមេទ័ពចូលនិវត្តន៍ជនជាតិអង់គ្លេស និងអតីតជាមេបញ្ជាការរងនៃកងកម្លាំងយោធារបស់អង្គការ NATO ប្រចាំនៅអឺរ៉ុបពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បានលើកឡើងនៅក្នុងសៀវភៅមួយមានចំណងជើងថា «2017 War with Russia» ដោយធ្វើការព្យាករណ៍ទុកថា សង្គ្រាមរវាងរុស្ស៊ី និងបក្សសម្ព័ន្ធអង្គការ NATO នឹងកើតឡើងនៅឆ្នាំ២០១៧ខាងមុខ ដែលជាសង្គ្រាមដ៏សាហាវ និងគ្រោះថ្នាក់ដល់អឺរ៉ុប ដ្បិតសង្គ្រាមនេះ គឺជាសង្គ្រាមនុយក្លេអ៊ែរដែលចាប់ផ្ដើមចេញពីរុស្ស៊ី ។
អតីតមេទ័ពអង្គការ NATO ប្រចាំអឺរ៉ុបរូបនេះបានបញ្ជាក់ថា រុស្ស៊ីតែងចាត់ទុកថា «NATO កំពុងអនុវត្តគោលនយោបាយឡោមព័ទ្ធរុស្ស៊ី» ។ ដូច្នេះ វិវាទរវាង NATO និងរុស្ស៊ី គឺអាចជំរុញឲ្យមានសង្គ្រាមឈ្លានពានពីរុស្ស៊ីនៅព្រំដែនអឺរ៉ុប ហើយដែលនឹងចាប់ផ្ដើមវាយប្រហារគ្រប់គ្រងប្រទេសជិតខាងរបស់រុស្ស៊ី ដូចជា អ៊ុយក្រែន និងប្រទេស៣ទៀតជាសមាជិក NATO ឋិតនៅតំបន់បាល់ទិក(Baltic) រួមមាន ឡាតវី ,លីទុយអានី និងអេស្តូនី ។ រុស្ស៊ីនឹងមិនប្រើប្រាស់អាវុធធម្មតានៅក្នុងសង្គ្រាមទេ គឺនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតែម្ដង ដើម្បីយកប្រៀបឈ្នះទៅលើអង្គការ NATO ជាមុន ។
លោកឧត្តមសេនីយ៍ Wesley Clark អតីតមេទ័ពសហរដ្ឋអាមេរិកដែលចូលនិវត្តន៍ ក៏បានលើកអំពីសង្គ្រាមរវាងរុស្ស៊ី និង NATO ដែលនឹងអាចកើតមានឡើង ។ លោកបានបញ្ជាក់ថា រុស្ស៊ីបានត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិក NATO ហើយប្រទេសដំបូងគេដែលអាចទទួលរងការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីនោះ គឺប្រទេសប៉ូឡូញ ។ បន្ទាប់មក រុស្ស៊ីនឹងរង់ចាំមើលការចុះចាញ់របស់ NATO ហើយបើ NATO មិនព្រមចុះចាញ់ទេ គឺរុស្ស៊ីនឹងបង្កើនការវាយប្រហារជាលើកទី២ទៀត ។
រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច គឺរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះក្នុងការធ្វើសង្គ្រាមនុយក្លេអ៊ែរ ជាអាទិ៍ ក្រៅពីសព្វាវុធគ្រប់ធុនទំនើបៗ រុស្ស៊ីបានសាងសង់លេណដ្ឋានសម្រាប់ឲ្យពលរដ្ឋលាក់ខ្លួនពេលមានសង្គ្រាមនុយក្លេអ៊ែរកើតឡើង និងបានហ្វឹកហាត់ដល់ពលរដ្ឋក្នុងការរត់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពមុនសង្គ្រាមផ្ទុះឡើងទៀតផង ។
អ្នកឯកទេសវិភាគព្រឹត្តិការណ៍អន្តរជាតិបានលើកឡើងថា ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី និង NATO កើតឡើងមែន គឺនឹងក្លាយជាសោកនាដកម្មដ៏ធំសម្បើមសម្រាប់ពិភពលោកទាំងមូល ពីព្រោះ NATO នឹងមិនងាយចុះចាញ់រុស្ស៊ីទេ និងជាពិសេសមហាអំណាចសហរដ្ឋអាមេរិករឹតតែមិនញ៉មជាមួយរុស្ស៊ីឡើយ ហើយនឹងវាយប្រហារដល់ទីបញ្ចប់រហូតក្លាយទៅជាសង្គ្រាមលោកលើកទី៣ បង្កវិនាសកម្មលើភពផែនដីតែម្ដង ។ ម្យ៉ាងទៀត បើរុស្ស៊ី និង NATO ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមនោះ គឺប្រទេសដទៃទៀតដែលមានកម្លាំងយោធាខ្លាំង ដូចជាមហាអំណាចចិនជាដើម នឹងអាចឆ្លៀតឱកាសវាយប្រហារដណ្ដើមគ្រប់គ្រងប្រទេសតូចៗដែលកំពុងមានវិវាទ ដែលជាសង្គ្រាមឈ្លានពានបែងចែកទឹកដីគ្រប់គ្រងរបស់ប្រទេសមហាអំណាចយោធា ជាមួយនឹងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកឡើងវិញដោយប្រទេសដែលឈ្នះសង្គ្រាម ៕