ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

ចេះយកលុយ តែមិនចេះការពារ ៖ ឈើគ្រញូងចំណាស់មួយដើមក្នុងឧទ្យានអង្គរ ត្រូវបានជនខិលខូចលួចអារកាត់បំផ្លាញ

ឈើ​គ្រញូង​ចំណាស់​ខ្ទង់រយ​ឆ្នាំ​មួយ​ដើម​មាន​ទំហំ​អង្កត់ផ្ចិត​៨៣០​សង្ទីម៉ែត្រ ប្រវែង​ជាង​៨​ម៉ែត្រ ដុះ​នៅ​ខាងកើត​វត្ត​ថ្មី​ដំរី​សែន​ជ័យ ឋិត​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បាត់​រូបរាង​ហើយ​នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ បន្ទាប់ពី​ត្រូវបាន​ជនខិលខូច​លួច​អារកាត់​បំផ្លាញ​ដោយ​រណារយន្ដ​ឥត​ស្ដាយស្រណោះ​កាលពី​រាត្រី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ ។​

​មន្ដ្រី​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា​ ដើម​គ្រញូង​ខាងលើនេះ​ត្រូវបាន​ជនខិលខូច​លួច​អារកាត់​តាំងពី​រាត្រី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ តែ​មិនទាន់​ដួលរលំ​ទេ គឺ​នៅសល់​កម្រាស់​ប្រមាណ​២​តឹក​ទៀត​ប៉ុណ្ណោះ ដោយ​ជនខិលខូច​នោះបាន​បេះ​ស្លឹកឈើ​ញាត់​ចូលក្នុង​ប្រឡោះ​ប្រហោង​ដែល​អារ​រួច ព្រមទាំង​លាប​ភក់​បិទ​បំភ័ន្ត​ភ្នែក​ពី​ខាងក្រៅ​ផង ។ ក្រុមមន្ដ្រី​អាជ្ញាធរ​អប្សរា​បានទទួល​ដំណឹង​នៃ​សកម្មភាព​ជនខិលខូច​លួច​អារកាត់​ដើម​គ្រញូង​នេះ​ពី​លោក​មេភូមិ​នគរ​ក្រៅ​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ទៀតផង ។​

​ក្រុមមន្ដ្រី​អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដោយ​ពិនិត្យឃើញថា ដើម​គ្រញូង​នេះ​អាច​នឹង​ដួលរលំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ឬ​អ្នក​ចូល​ជ្រក និង​បង្ការ​សកម្មភាព​ជនខិលខូច​លួច​អារកាត់​បន្ត​នៅពេល​យប់​យក​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​នោះ ទើប​នៅពេល​ព្រឹក​នា​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ មន្ដ្រី​អាជ្ញាធរ​អប្សរា​សម្រេច​អារកាត់​ផ្ដួលរំលំ​ដើម​គ្រញូង​នោះ​តែម្ដង ដោយមាន​ប្រជា​ការពារ​ភូមិ​នៅចាំ​មើល​ជាមួយគ្នា​ផងដែរ ។​

​លោក និ​ន ចាន់​សា​មៀន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សរា​បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ឲ្យ​ដឹងថា ក្រុមការងារ​នៃ​អជ្ញាធរ​អប្សរា​កំពុងធ្វើការ​សហការ​ជាមួយ​មន្ដ្រី​ឧទ្យាន​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស និង​ឈានទៅ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​សម្ដែង​ការរិះគន់​ទៅលើ​អាជ្ញាធរ​អប្សរា​ដែលមាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ   សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី ជា​ប្រធាន​ថា អាជ្ញាធរ​អប្សរា​មាន​មន្ដ្រី​ច្រើន​ដូច​ស្រមោច ហើយ​ទំនងជា «​ចេះតែ​ប្រមូល​យកលុយ ប៉ុន្តែ​មិនចេះ​ការពារ​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​» ទើប​ទុក​ឱកាស​ឲ្យ​ជនខិលខូច​អាច​លួច​អារកាត់​បំផ្លិចបំផ្លាញ​ដើម​គ្រញូង​ចំណាស់​ខ្ទង់រយ​ឆ្នាំ​ក្នុង​ឧទ្យាន​អង្គរ​បាន ដោយ​ឥត​ស្ដាយស្រណោះ​ទាល់តែសោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.