យោងតាមស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៤៥៥ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ និងស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៩១៦/៨១០ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញឲ្យឃើញថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាននាយកខុទ្ទកាល័យចំនួន២នាក់ មានឋានៈស្មើរដ្ឋលេខាធិការដូចគ្នា គឺ ៖ ១-នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង២-នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកឧត្តមសេនីយ៍ឯក សុខ សារីវុធ ដែលកាន់តំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ទទួលបានការតែងតាំងជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៤៥៥ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អតីតអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបានការតែងតាំងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៦/៨១០ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ។
ស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៨៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា១ បានចែងថា "ត្រូវបានបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ធ្វើជាសេនាធិការផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ។ ឧបនាយករដ្ឋមន្ត្រី១រូប ត្រូវមានខុទ្ទកាល័យ១ ដឹកនាំដោយនាយក ១រូប និងនាយករងមួយចំនួន ជាជំនួយការ ។ ការតែងតាំងនាយក នាយករងខុទ្ទកាល័យ ត្រូវធ្វើឡើងក្នុងចំណោមទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី ។ " ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៨៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានោះ ការណ៍ដែលសម្តេចក្រឡាហោម ស ខេង មាននាយកខុទ្ទកាល័យរហូតដល់ទៅ២នាក់ គឺជាការមិនត្រឹមត្រូវ ឬមួយក៏សម្តេចក្រឡាហោម ស ខេង បែងចែកខុទ្ទកាល័យផ្ទាល់ខ្លួនជាពីរចំណែកផ្សេងគ្នា គឺ ៖ ១-ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និង ២-ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបានចំណេញការងារ តួនាទី និងឋានៈដល់មន្ត្រីជំនិតរបស់សម្តេចបានច្រើនគ្នា ? ៕