ថ្ងៃ អាទិត្យ ទី ១១ ខែ មេសា ឆ្នាំ ២០២១

បន​ល្បែង​មួយ​កន្លែង​ឋិត​នៅ​ខេត្តតាកែវ​ ជាប់​ព្រំដែន​យួន​ដែល​គ្មាន​ឈ្មោះ​ និង​គ្មាន​អាជ្ញាប័ណ្ណ​ តែ​អាច​ដំណើរការ​បាន​យ៉ាង​ហ៊ឺហា​

​បន​ល្បែង​កាស៊ីណូ​មួយ​កន្លែង​ឋិត​នៅ​ឃុំ​តា​អូរ​ ស្រុក​គិរីវង់​ ខេត្តតាកែវ​ ជាប់​នឹង​ព្រំប្រទល់​ខេត្ត​អាន​យ៉ាង​ ប្រទេស​វៀតណាម​ ចន្លោះ​បង្គោល​ព្រំដែន​លេខ​៨២​ និង​លេខ​៨៣​ ដែល​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ គ្មាន​ឈ្មោះ​ និង​គ្មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ បែរជា​អាច​បើក​ដំណើរ​បម្រើ​អ្នក​ញៀន​ល្បែងស៊ីសង​ទាំង​ខ្មែរ​ ទាំង​យួន​យ៉ាង​ហ៊ឺហា​ ដោយ​មាន​កងកម្លាំងប្រដាប់អាវុធ​ ទាំង​ប៉ូលិស​ ទាំង​ទាហាន​កាង​ការពារ​ទៀត​ផង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ បន​ល្បែង​កាស៊ីណូ​ដែល​គ្មាន​ឈ្មោះ​ និង​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​ បាន​បើក​ដំណើរការ​នូវ​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​ រួម​មាន​ ៖​ បៀ​ អាប៉ោង​ តៃ​ស៊ីវ​ ហ្គេ​ម​បាញ់​ត្រី​ និង​ប្រជល់​មាន់​ …​។​ល​។​

​ទីតាំង​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​ដែល​គ្មាន​ឈ្មោះ​ និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ខាងលើ​នេះ​ គឺ​ឋិត​នៅ​ចំណុច​ច្រករបៀង​មួយ​របស់​ខេត្តតាកែវ​ បើកផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ដឹក​ទំនិញ​ និង​កសិផល​រវាង​កម្ពុជា​ និង​វៀតណាម​យ៉ាង​សកម្ម​នៅ​រដូវប្រាំង​ ហើយ​ច្រករបៀង​នេះ​ដែរ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ស្រុក​គិរីវង់​ អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ វរៈ​យោធា​ការពារ​ព្រំដែន​លេខ​៣០១​ និង​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៣​ ព្រមទាំង​មានការ​ពាក់ព័ន្ធ​នឹង​អង្គភាព​យោធា​ខេត្ត​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ថែម​ទៀត​ ។​

​ប្រការ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​នៅ​ត្រង់​ថា​ ទោះបី​កាលពី​ចុងខែ​តុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ សម្តេច​ក្រឡ​ហា​ហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រជុំ​ផ្សព្វផ្សាយ​ដាក់​ចេ​ណ​នូវ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាងណា​ក៏​ដោយ​ ក៏​បន​ល្បែងស៊ីសង​ដែល​គ្មាន​ឈ្មោះ​ និង​គ្មាន​ច្បាប់​ខាងលើ​ អាច​ដំណើរការ​បាន​យ៉ាង​ហ៊ឺហា​ មិន​រំខាន​ដល់​អាជ្ញាធរ​ស្រុក​គិរី​ និង​អាជ្ញាធរ​ខេត្តតាកែវ​គ្រប់​ជាន់ថ្នាក់​ និង​គ្រប់​ផ្នែក​ទាល់តែ​សោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.