ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

រឿង​ក្តី​ទំនាស់​ដីធ្លី​មួយ​ ៖​ ចំណាយពេល​ជិត​១០​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ បាន​ត្រឹម​លទ្ធផល​ពាក្យ​ថា​ “​ត្រូវ​ប្តឹង​ទៅ​តុលាការ​”

​សំណុំរឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង​ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ រវាង​ប្រជាពលរដ្ឋ​ចំនួន​០៨​គ្រួសារ​ (​ក្រោយមក​មាន​ចំនួន​៩​គ្រួសារ​)​ និង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ ចាប់ផ្តើម​កើត​មាន​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០២​ និង​ធ្លាប់​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​តាម​ស្មារតី​លិខិត​១១៩៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ខ្លឹមសារ​ថា​ "១-​ស្នើ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តសៀមរាប​ ផ្អាក​ការ​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​លើ​ដីធ្លី​វិវាទ​ដើម្បី​រង់ចាំ​ដំណោះស្រាយ​បញ្ចប់​វិវាទ​ ដោយ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ។​ ២-​ប្រគល់​សំណុំរឿង​វិវាទ​នេះ​ឲ្យ​ទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ដើម្បី​ពិនិត្យ​ និង​ដោះស្រាយ​តាម​នីតិវិធី​ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​លេខ​៤៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ ។​"​ ។​

​ខណៈ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ មិន​ទាន់​បាន​ដោះស្រាយ​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ តាម​ស្មារតី​លិខិត​លេខ​១១៩៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០០៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​ ស្រាប់តែ​រាជរដ្ឋាភិបាល​សម្រេច​សា​ជា​ថ្មី​តាម​ស្មារតី​លិខិត​លេខ​១០៤៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រគល់​ដី​ទំនាស់​ និង​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​ជូន​ភាគី​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ តាម​នីតិវិធី​នៃ​ច្បាប់​ទៅ​វិញ​ (Sic!)​ ។​

​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០០៨​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​លិខិត​លេខ​៣៤២​ក​យ​.​ក​ច​ពស​/០៨​ ចុះ​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ក្រសួងយុត្តិធម៌​ គឺ​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​ បាន​ធ្លាក់​មក​ក្នុង​សមត្ថកិច្ច​ពិនិត្យ​ដោះស្រាយ​ឡើង​វិញ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ដូច​មាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសម្រេច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​លេខ​១០/០៩​ សសរ​.​អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០០៩​ស្រាប់​ ។​

​មុន​ពេល​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​ធ្លាក់​មក​ក្នុង​សមត្ថកិច្ច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ​ គឺ​ធ្លាប់​ឋិត​ក្នុង​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​រួច​ហើយ​ ដែល​មាន​សំណុំរឿង​រដ្ឋប្បវេណី​លេខ​០១​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ។​ ប៉ុន្តែ​ក្រោយមក​ សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​ក៏​ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ផ្ទេរ​សមត្ថកិច្ច​មក​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដោះស្រាយ​បន្ត​វិញ​ តាម​ដីកា​សម្រេច​លេខ​៥១​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១១​ និង​លិខិត​ជូនដំណឹង​លេខ​៥២/២០១១​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១១​ របស់​សាលាដំបូង​ខេត្តសៀមរាប​ ។​

​បន្ទាប់​ពី​ចំណាយ​ពេលវេលា​អស់​ជាង​៧​ឆ្នាំ​រួច​មក​ ទើប​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​ចេញ​លិខិតផ្លូវការ​មួយ​លេខ​០៥៥/០៦​ អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ជម្រាប​មក​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ ដោយ​ចង្អុលបង្ហាញ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​បន្ត​ប្តឹង​រក​ដំណោះស្រាយ​តាម​ផ្លូវ​តុលាការ​ ឲ្យ​ស្រប​ទៅ​តាម​ខ្លឹមសារ​នៃ​ប្រកាស​អន្តរក្រសួង​លេខ​០២​ ប្រករ​.០៣​ ចុះ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ រវាង​ក្រសួងយុត្តិធម៌​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (Resic!)​ ។​ ពោល​គឺ​រយៈពេល​ជិត​១០​ឆ្នាំ​ អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មិន​បាន​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​ស្រប​ទៅ​តាម​បេសកកម្ម​ តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ ដូច​មាន​ចែង​នៅ​ក្នុង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៦/០៩៧​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ ស្តី​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​នោះ​ឡើយ​ ។​ លើស​ពី​នេះ​ ទោះបី​មិន​បាន​ដោះស្រាយ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​ ឲ្យ​ដាច់ស្រេច​ (​សម្រេច​ប្រគល់​ដី​ទំនាស់​ ឲ្យ​ភាគី​ប្រជាពលរដ្ឋ​៨​គ្រួសារ​ ឬ​សម្រេច​ប្រគល់​ដី​ទំនាស់​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ ដែល​លក់​ដី​ទំនាស់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ?​ )​ និង​យល់​ឃើញ​ថា​ ករណី​ទំនាស់​ដីធ្លី​ គឺជា​សមត្ថកិច្ច​របស់​តុលាការ​ក៏​ដោយ​ ក៏​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មិន​បាន​ចាត់​នីតិវិធី​ផ្ទេរ​សំណុំរឿង​ទាំងមូល​ឲ្យ​ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ជា​សមត្ថកិច្ច​វិញ​ បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​ភាគី​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​សំណុំរឿង​វិវាទ​នៅ​ស្ថាប័ន​តុលាការ​ថែម​ទៀត​ ។​

​សរុបសេចក្តី​មក​ រឿង​ក្តី​ទំនាស់​ដីធ្លី​ខាងលើ​ចំណាយ​ពេលវេលា​អស់​ជិត​១០​ឆ្នាំ​នៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ភាគី​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​អយុត្តិធម៌​ចំនួន​៩​គ្រួសារ​ ទទួល​បាន​លទ្ធផល​ត្រឹម​ពាក្យ​ថា​ "​ត្រូវ​ប្តឹង​ទៅ​តុលាការ​"​ប៉ុណ្ណោះ​ ខណៈ​មាន​សំណុំរឿង​ក្តី​ទំនាស់​ដីធ្លី​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ចាត់ការ​ដោះស្រាយ​ទាំង​រំលោភ​បំពាន​ទៅ​លើ​សេចក្តីសម្រេច​ (​សាលក្រម​)​របស់​តុលាការ​ទៀត​ផង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.