ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​តាម​របៀប​ “​កាប់​ដាវ​”​ ក្នុង​ករណី​ “​ជួញដូរ​រឿង​ក្តី​”​ របស់​ឧត្តមសេនីយ៍​យោធា​ជំនួយការ​បុរស​ខ្លាំង​ម្នាក់​

​ទំនងជា​អាច​ "​ត្រូវ​ដង​ ត្រូវ​ផ្លែ​"​ រួច​ជា​ស្រេច​ជាមួយ​ថ្នាក់ដឹកនាំ​កំពូលៗ​ខាងលើ​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​(​អតីត​ទេស​រដ្ឋមន្ត្រី​)​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ទើប​ជំនួយការ​បុរស​ខ្លាំង​ម្នាក់​ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ គឺ​លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ នាយករង​ទីចាត់ការ​កល​យុទ្ធ​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ និង​គូកន​ ហ៊ាន​ធ្វើ​ជំនួញ​ "​ជួញដូរ​ទិញ​រឿង​ក្តី​"​ ក្នុង​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​ទំហំ​ជិត​២០​ហិ​កតា​ ឋិត​នៅ​ភូមិ​ក្រសាំង​រលើង​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ពី​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ មាន​តម្លៃ​សរុប​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​សំណុំរឿង​ទំនាស់​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវការ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ និង​មិន​ទាន់​មានការ​លើក​ជា​យោបល់​ ឬ​របាយការណ៍​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ នៅឡើយ​ ។​

​ករណី​ទំនាស់​ដីធ្លី​ខាងលើ​ ទើបតែ​បាន​ឆ្លង​ផុត​ការ​ផ្តល់​យោបល់​របស់​ក្រុម​ប្រតិភូ​អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ នា​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៦​ គោរព​ជូន​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០៦​ លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ និង​ឈ្មោះ​ សួន​ គឹ​ម​សុង​ បាន​ចុះ​កិច្ចសន្យា​ទទួលយក​ការ​ប្រគល់​សិទ្ធិ​ និង​ទិញ​ដីធ្លី​ទំនាស់​ពី​តំណាង​ និង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ ក្នុង​តម្លៃ​សរុប​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​យ៉ាង​ហំ​ហាន​ ក្នុង​នាម​ជា​អ្នកជំនួញ​ "​ជួញដូរ​រឿង​ក្តី​"​ ។​

​បាន​សម្រេច​ដូច​បំណង​ និង​ផែនការ​គ្រោង​ទុកជា​មុន​មែន​ គឺ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ បាន​ធ្វើ​របាយការណ៍​ និង​ផ្តល់​យោបល់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​លិខិត​លេខ​២៦៦/០៦​ ទរ​ព​អ​.​របក​ ចុះ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០០៦​ មាន​ខ្លឹមសារ​ថា​ "​ ប្រគល់​ដី​ទំនាស់​ និង​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​កាន់កាប់​ស្រប​តាម​នីតិវិធី​នៃ​ច្បាប់​ "​ ។​ របាយការណ៍​ និង​ការ​ផ្តល់​យោបល់​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ នេះ​ ត្រូវ​បាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ចំណារ​ "​យល់ព្រម​"​ ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០០៦​ ។​

​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​បុរស​ខ្លាំង​នោះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ដី​ទំនាស់​ និង​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​កាន់កាប់​ស្របច្បាប់​ តាម​ស្មារតី​លិខិត​លេខ​១០៤៥​ ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០០៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ ក្រោយមក​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តសៀមរាប​ ក៏​បាន​ចាត់​នីតិវិធី​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​២​ប័ណ្ណ​ ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០០៦​ នូវ​ដីធ្លី​ទំហំ​សរុប​ចំនួន​ ១៧២​ ៤៩០​ម៉ែត្រក្រឡា​ (​ជាង​១៧​ហិ​កតា​)​ ជូន​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ជា​កម្មសិទ្ធិករ​ ដែល​មានឈ្មោះ​ ញឹ​ប​ សា​រ៉េ​ត​ និង​ឈ្មោះ​ យី​ ហោ​ន​ ជា​តំណាង​ ។​ មាន​ន័យ​ថា​ ដី​ទំនាស់​ទំហំ​ជាង​១៧​ហិ​កតា​នេះ​ នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ ចាត់ចែង​ បើ​យោង​តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ និង​លក់​ដី​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០៦​ ។​

​នៅ​ទីបំផុត​ រយៈពេល​ប្រមាណ​១២​ថ្ងៃ​ក្រោយមក​ ដី​ទំនាស់​ទំហំ​ជាង​១៧​ហិ​កតា​ដែល​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ ត្រូវ​បាន​លក់​ផ្តាច់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​មាន​ ៖​ ១-​ឈ្មោះ​ សេង​ លាង​ (​កូនស្រី​របស់​ឈ្មោះ​ សេង​ ចាយ​)​ ប័ណ្ណ​លេខ​ 17100905-0540​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៦​ ,​ ២-​ឈ្មោះ​ សេង​ ចាយ​ (​ឪពុក​របស់​ឈ្មោះ​ សេង​ លាង​ និង​ឈ្មោះ​ សេង​ ញ៉​ក់​ និង​ត្រូវជា​ដន្លងដងស្នែង​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​)​ ប័ណ្ណ​លេខ​ 17100905-0541​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៦​ និង​៣-​ឈ្មោះ​ សេង​ ញ៉​ក់​ (​បច្ចុប្បន្ន​ជា​ឧកញ៉ា​ សេង​ ញ៉​ក់​ និង​ត្រូវជា​កូនប្រសា​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​)​ ប័ណ្ណ​លេខ​ 17100905-0542​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០០៦​ ពោល​គឺ​មិន​មានឈ្មោះ​លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ និង​គូកន​ ក្លាយជា​កម្មសិទ្ធិករ​នៃ​ដី​ទំនាស់​ក្នុង​នាម​ជា​អ្នកទិញ​ដី​បន្ត​ពី​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​នោះ​ទេ​ ។​ មាន​ន័យ​ថា​ លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ និង​គូកន​ គឺជា​ឈ្មួញកណ្តាល​រកស៊ី​ "​ជួញដូរ​រឿង​ក្តី​"​ បាន​ដី​ទំនាស់​ពី​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១១១​គ្រួសារ​ រួច​យក​ទៅ​លក់​បន្ត​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ទទួល​បាន​ ប្រាក់​ចំណេញ​កប់​ក្តោង​ដាក់​ហោប៉ៅ​យ៉ាង​ហ៊ឺហា​ ខណៈ​ក្រុម​ប្រជាពលរដ្ឋ​១១១​គ្រួសារ​មាន​ទំនាស់​បែកបាក់​ផ្ទៃក្នុង​ ពីព្រោះ​ចែក​លុយកាក់​គ្នា​មិន​ស្មើ​ និង​មិន​យុត្តិធម៌​ បង្ក​ឲ្យ​លេច​ចេញ​នូវ​រឿងអាស្រូវ​កក្រើក​ខេត្តសៀមរាប​ ។​

​នេះ​ គឺជា​ល្បិច​រក​លុយ​ដាក់​ហោប៉ៅ​ដ៏​កាក់កប​តាម​របៀប​ "​កាប់​ដាវ​"​ ក្នុង​ករណី​ "​ជួញដូរ​រឿង​ក្តី​"​ របស់​លោក​ឧត្តមសេនីយ៍​ យូ​ សិរី​វុ​ឌ្ឍ​ និង​គូកន​ ។​

​លោក​ យូ​ សិរី​វុ​ឌ្ឍ​ ជា​នាយទាហាន​វ័យក្មេង​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធ​ព​ខេមរភូមិន្ទ​ អត្តលេខ​០១៩៧០៣​ កាន់​តំណែង​ជា​នាយករង​ទីចាត់ការ​កល​យុទ្ធ​ នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៥៧​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៧​ និង​ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤១២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០០៨​ ។​ បន្ទាប់​មក​ទៀត​ លោក​ឧត្តមសេនីយ៍​យោធា​ យូ​ សិរី​វុ​ឌ្ឍ​ ដែល​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់ឧត្តម​ស​នី​យ៍​ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៣៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ៕​

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.