សារព័ត៌មាន Reuters បានផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ ដោយដកស្រង់សម្ដីមន្ដ្រីជំនួយការរបស់លោក Ben Cardin សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកឲ្យដឹងថា សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងគណៈកម្មការកិច្ចការការបរទេសរដ្ឋសភាបានជំទាស់ទៅនឹងការលក់អាវុធឲ្យប្រទេសហ្វីលីពីន ដោយសំអាងថា ប្រទេសហ្វីលីពីនកំពុងតែរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយអាចបង្កក្ដីព្រួយបារម្ភខ្លាំងដល់សហគមន៍អន្តរជាតិ ។
បន្ទាប់ពីមានការជំទាស់ដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបែបនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសផ្អាកគម្រោងលក់សព្វាវុធគ្រប់ប្រភេទចំនួន ២៦ ០០០ដើម ឲ្យទៅកម្លាំងប៉ូលិសជាតិហ្វីលីពីន ។
ពាក់ព័ន្ធនឹងការផ្អាកលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យហ្វីលីពីននេះ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនធ្លាប់បានប្រកាសឲ្យដឹងថា លោកមិនខ្វល់នឹងការសម្រេចចិត្តរបស់អាមេរិកឡើយ ហើយបើអាមេរិកមិនលក់អាវុធឲ្យហ្វីលីពីន ក៏ហ្វីលីពីនអាចទិញអាវុធពីប្រទេសចិន និងរុស្ស៊ីបានគ្រប់ពេល ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តនឹងគ្នារយៈពេលប្រមាណ៧០ឆ្នាំនោះ បានចាប់ផ្ដើមប្រេះស្រាំ បន្ទាប់ពីលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ប្រតិកម្មខ្លាំងៗទៅនឹងអាមេរិកដែលថ្កោលទោសចំពោះសង្គ្រាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ហើយលោកប្រធានាធិបតីហ្វីលីពីនរូបនេះបានងាកទៅចាប់ដៃជាមួយប្រទេសចិនវិញ ៕