ស្នងការរងនគរបាលខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពល និងអតីតជាអ្នកសារព័ត៌មានឧបត្ថម្ភគាំទ្រដោយក្រសួងមហាផ្ទៃម្នាក់ គឺលោកឧត្តមសេនីយ៍ត្រី សម សាមួន នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ អត្តលេខ០១៤១៤ ទទួលបានការតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយប្រកាសលេខ៤០៥៥ ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ តាមសំណើរបស់អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ឲ្យដឹងថា ពិធីចូលកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ស្ពឺផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សម សាមួន នឹងប្រព្រឹត្តឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ។
មុនកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥តែចំនួន០៤ថ្ងៃប៉ុណ្ណោះ លោកវរសេនីយ៍ឯក(ស័ក្តិ៥) សម សាមួន នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០១៤១៤ ធ្លាប់ទទួលបានការតែងតាំងជាជំនួយការឯកឧត្តម ស ខេង (បច្ចុប្បន្នសម្តេចក្រឡាហោម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្នជាស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩២៤អនក្រ.តត ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ។
រយៈពេល០៥ថ្ងៃក្រោយការតែងតាំងជាជំនួយការឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋានបន្ថែមលើមុខងារបច្ចុប្បន្នជាស្នងការរងនគរបាលខេត្តកំពង់ស្ពឺនោះ លោកវរសេនីយ៍ឯក សម សាមួន ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨៦៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ រហូតទល់សព្វថ្ងៃ ៕