សារព័ត៌មាន Want Daily របស់តៃវ៉ាន់ ធ្លាប់បានផ្សព្វផ្សាយឲ្យដឹងអំពីសក្តានុពលសព្វាវុធទំនើបៗរបស់សហរដ្ឋអាមេរិកចំនួន៥ប្រភេទ(ដោយមិនទាន់គិតដល់សព្វាវុធប្រើប្រាស់កាំរស្មី Laser) ដែលធ្វើឲ្យមហាអំណាចចិន និងរុស្ស៊ីនៅញញើតភ័យខ្លាចរអា ទោះបីចិន និងរុស្ស៊ីអភិវឌ្ឍន៍វិស័យយោធាយ៉ាងណាក៏ដោយ ក៏មិនអាចប្រដេញទាន់នឹងបច្ចេកវិទ្យាសព្វាវុធរបស់មហាអំណាចពិភពលោកសហរដ្ឋអាមេរិកបាននៅឡើយ ។
សព្វាវុធទំនើបៗទាំង៥ប្រភេទរបស់មហាអំណាចអាមេរិក ដែលធ្វើឲ្យអំណាចចិន និងមហាអំណាចរុស្ស៊ី នៅញញើតភ័យខ្លាចនោះ មានដូចតទៅ ៖
១-យន្តហោះចម្បាំងបំបាំងកាយធុន F-35 Lightning II ៖ ជាយន្តហោះចម្បាំងដ៏ទំនើប មានតម្លៃថ្លៃ មានសមត្ថភាពបំបាំងកាយក្នុងល្បឿនយ៉ាងលឿន បំពាក់ដោយប្រព័ន្ធរ៉ាដាទទួលសញ្ញាពីសត្រូវ និងវាយលុកបានល្អ រួមជាមួយនឹងអាកាសយានិកមានទេពកោសល្យខ្ពស់ បំពាក់ដោយប្រព័ន្ធបញ្ជាទំនើប និងពិនិត្យគោលដៅសត្រូវបានយ៉ាងច្បាស់បំផុត ។
២-យន្តហោះចម្បាំងបំបាំងកាយធុន F-22 Raptor ៖ ជាយន្តហោះចម្បាំងជំនាន់ទី៥ ប្រកបដោយល្បឿនលឿន និងអាចបំបាំងកាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ ព្រមទាំងអាចគេចផុតពីគ្រាប់មីស៊ីលប្រដេញបានយ៉ាងល្អទៀតផង ។
៣-យន្តហោះទម្លាក់គ្រាប់បែកធុន B-2 Spirit ៖ ជាយន្តហោះបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែររហូតដល់ទម្ងន់ប្រមាណ៤០តោន ។ អាចហោះហើរក្នុងរយៈកម្ពស់រាប់ពាន់គីឡូម៉ែត្រ និងមានសមត្ថភាពបំបាំងកាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវបានយ៉ាងមានប្រសិទ្ធភាព ។ មានសមត្ថភាពទម្លាក់គ្រាប់បែកវាយលុយទៅលើគោលដៅសត្រូវបានយ៉ាងល្អ ដោយបំពាក់គ្រាប់បែកនាំផ្លូវបញ្ជាតាមរយៈផ្កាយរណប ។
៤-នាវាផ្ទុកយន្តហោះប្រភេទ USS Gerald R.Ford ៖ ជានាវាចម្បាំងផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់ដោយសព្វាវុធទំនើបៗបំផុតរបស់សហរដ្ឋអាមេរិក ដូចជា ប្រព័ន្ធវាយលុក និងប្រព័ន្ធការពារកាំជ្រួចមីស៊ីល ព្រមទាំងប្រព័ន្ធការពារដែនអាកាសចម្រុះអាចទប់ទល់ទៅនឹងការវាយប្រហាររបស់សត្រូវក្នុងប្រសិទ្ធភាពខ្ពស់បំផុត ។ នាវាផ្ទុកយន្តហោះដ៏ទំនើបប្រភេទ USS Gerald R.Ford នឹងដាក់ឲ្យបំពេញបេសកកម្មផ្លូវការនៅចុងឆ្នាំ២០១៦នេះ ។
៥-នាវាមុជទឹកប្រភេទ USS Virginia ៖ ជានាវាចម្បាំងវាយលុកដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់ដោយកាំជ្រួចមីស៊ីល Tomahawk និងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនទៀត ។ នាវាមុជទឹកប្រភេទនេះ មានសមត្ថភាព និងបទពិសោធន៍ខ្ពស់បំផុតក្នុងការធ្វើចម្បាំងនៅលើដែនទឹក អនុវត្តដោយសហរដ្ឋអាមេរិក ។
លោក Ashton Carter មន្ត្រីជាន់ខ្ពស់យោធាសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានទ័ពអាកាស Kirtland Air Force Base ដើម្បីត្រួតពិនិត្យឃ្លាំងក្រោមដីជាទីតាំងរក្សាទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ឲ្យដឹងថា នាវាមុជទឹក កាំជ្រួចមីស៊ីល គ្រាប់បែកនុយក្លេអ៊ែរ B-61 និងអាវុធនុយក្លេអ៊ែរប្រមាណជិត ៥ ០០០គ្រាប់ នឹងត្រូវធ្វើទំនើបកម្ម និងអភិវឌ្ឍថ្មីឲ្យទាន់សភាពការណ៍ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១០៨ពាន់លានដុល្លារ ។
ដូច្នេះ ជាមួយនឹងទឹកប្រាក់ចំនួន១០៨ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្ម និងអភិវឌ្ឍសព្វាវុធរបស់សហរដ្ឋអាមេរិកនោះ គឺសព្វាវុធរបស់មហាអំណាចអាមេរិក នឹងកាន់តែទំនើបទ្វេដងថែមទៀត ៕