សារព័ត៌មាន DNA របស់ឥណ្ឌា បានផ្សព្វផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាប្រកាសបញ្ជាទិញយន្តហោះចម្បាំងប្រមាណ៣០០គ្រឿងបន្ថែមទៀត ប៉ុន្តែការបញ្ជាទិញនេះគឺតម្រូវឲ្យមានបណ្តាក្រុមហ៊ុនចូលមកធ្វើការវិនិយោគដោយផ្ទាល់ជាមួយក្រុមហ៊ុនក្នុងស្រុករបស់ឥណ្ឌា ដើម្បីផលិតយន្តហោះចម្បាំងទាំងនោះ ។
គម្រោងបញ្ជាទិញយន្តហោះចម្បាំងចាប់ពី ២០០គ្រឿង ទៅ៣០០គ្រឿងរបស់ឥណ្ឌានេះ គឺមានទំហំទឹកប្រាក់ចំណាយយ៉ាងតិចចំនួន១៥ពាន់លានដុល្លារអាមេរិក សម្រាប់បំពេញជំនួសនូវយន្តហោះចម្បាំងចាស់ៗនៅសេសសល់ដែលឥណ្ឌាធ្លាប់ទិញពីសម័យសហភាពសូវៀតមក ។
កាលពីពេលកន្លងទៅថ្មីៗ រដ្ឋាភិបាលឥណ្ឌាដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ធ្លាប់បានបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Dassault Rafale ចំនួន៣៦គ្រឿងពីប្រទេសបារាំង ដែលមានតម្លៃទឹកប្រាក់សរុបជិត៦ពាន់លានដុល្លារអាមេរិក ។
ជំនួបរវាងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ជាមួយលោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដ្ឋធានី Washington DC. កាលពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ឥណ្ឌាក៏បានគ្រោងបញ្ជាទិញយន្តហោះគ្មានមនុស្សបើក បំពាក់កាំជ្រួចមីស៊ីលប្រភេទ General Atomics MQ-9 Reaper (ពីមុនហៅថា Predator B) ពីសហរដ្ឋអាមេរិក ចំនួន២៥០គ្រឿង មានតម្លៃទឹកប្រាក់សរុបប្រមាណ ៥ពាន់លានដុល្លារអាមេរិក ។
ដោយឡែក ឥណ្ឌាក៏ជាប្រទេសទី១ដែលបានបញ្ជាទិញយន្តហោះចម្បាំងអាចចុះចតនៅលើទឹកបាន ធុន Seaplane US-2 ពីប្រទេសជប៉ុនចំនួន១៥គ្រឿង មានតម្លៃទឹកប្រាក់សរុបជិត២ពាន់លានដុល្លារអាមេរិកផងដែរ ។
អ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិ បានលើកឡើងថា គម្រោងបញ្ជាទិញយន្តហោះចម្បាំង និងសព្វាវុធដ៏ច្រើនរបស់ឥណ្ឌាពីបណ្តាប្រទេសមួយចំនួននោះ គឺប្រាកដណាស់ ឥណ្ឌាសម្រាប់យកមកប្រើប្រាស់លើការការពារដែនអធិបតេយ្យភាពរបស់ខ្លួន ដែលមានវិសាលភាពដ៏ធំ និងកំពុងមានជម្លោះជាមួយបណ្តាប្រទេសជិតខាងជាប្រទេសមានអាវុធនុយក្លេអ៊ែរដូចឥណ្ឌាដែរ ជាអាទិ៍ ប្រទេសចិន និងប្រទេសប៉ាគីស្ថាន ។
មិនត្រឹមការប្រើប្រាស់នូវយន្តហោះចម្បាំងនោះទេ កាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ឥណ្ឌាក៏បានដាក់ពង្រាយនូវមីស៊ីលវាយលុកដ៏ទំនើបធុន BRAHMOS នៅតាមបណ្តោយព្រំដែនគោកជាប់នឹងប្រទេសចិនដែលកំពុងមានវិវាទថែមទៀតផង ជាហេតុធ្វើឲ្យមហាអំណាចចិនសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំង ។
ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌាបាននិយាយឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននាខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ ដែលរំពឹងថា នឹងចុះហត្ថលេខារួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លើកិច្ចព្រមព្រៀងវិស័យបច្ចេកទេសនុយក្លេអ៊ែរស៊ីវិលផង និងបង្កើនចំណងទាក់ទងវិស័យយោធាផង ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់អំណាចចិននៅអាស៊ី ៕