កូនប្រុសម្នាក់របស់ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺឯកឧត្តម ឯក វីរដេដ្ឋ អតីតអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលល្បីឈ្មោះខាងមន្ត្រីក្រោមឱវាទចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយយ៉ាងគគ្រឹកគគ្រេងនោះ ធ្លាប់បានកាន់តំណែងជាទីប្រឹក្សា មានឋានៈស្មើរដ្ឋលេខាធិការចំនួន២កន្លែងបន្ថែមលើមុខងារបច្ចុប្បន្ន ជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអាទិ៍ ទីប្រឹក្សាផ្ទាល់ឯកឧត្តម ឯក សំអុល អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវជាឪពុកផង និងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិផង (Sic!) ។
ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា គឺឯកឧត្តម ឯក វីរដេដ្ឋ ទទួលបានការតែងតាំងជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៤៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។ លើសពីនេះ ឯកឧត្តម ឯក វីរដេដ្ឋ ទទួលបានការតែងតាំងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្នជាអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (មិនទទួលប្រាក់បំណាច់ប្រចាំខែ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦១៥ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ។
ចាប់តាំងពីឯកឧត្តម ឯក សំអុល ទទួលបានការតែងតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៧/២៥៦ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧មក ឯកឧត្តម ឯក វីរដេដ្ឋ ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់ឯកឧត្តម ឯក សំអុល អតីតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវជាឪពុក មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៣២៦ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ ។ មានន័យថា ឯកឧត្តម ឯក វីរដេដ្ឋ ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់ឪពុករបស់ខ្លួនយកប្រាក់ខែ ឋានៈស្មើរដ្ឋលេខាធិការតាំងពីមិនទាន់ទទួលបានការតែងតាំងជាអគ្គាធិការនែអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកម្ល៉េះ ។
បន្ទាប់ពីមានការរិះគន់ក្នុងរឿងប្រព្រឹត្តអំពើពុករលួយជាហូរហែ ដោយមន្ត្រីរាជការក្រោមឱវាទនោះ ឯកឧត្តម ឯក វីរដេដ្ឋ ក៏ត្រូវបានដកហូតមុខតំណែងខ្លាញ់ពីអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៦/៥៥៨ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែនៅមានភ័ព្វសំណាងខ្ពស់ ទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាថ្ងៃដដែល គឺមិនទទួលរងការស៊ើបអង្កេតរឿងប្រព្រឹត្តអំពើពុករលួយណាមួយពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)អ្វីឡើយ ។
នៅពេលដែលឯកឧត្តម ឯក សំអុល ត្រូវបានបញ្ចប់អាណត្តិជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញរួចមក និងយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ របស់ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឯក វីរដេដ្ឋ ក៏ត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សាឯកឧត្តម ឯក សំអុល ត្រូវជាឪពុកវិញដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៦/៨០៤ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។
អនុលោមតាមស្មារតីព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៣២៦ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ , ស្មារតីព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៤៧ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ , ស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៦១៥/៦១៥ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៨១៦/៨០៤ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ គឺឯកឧត្តម ឯក វីរដេដ្ឋ ក្នុងនាមជាអតីតអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់កាន់តំណែងជាទីប្រឹក្សាបន្ថែមរហូតដល់ចំនួន២កន្លែង មានឋានៈស្មើរដ្ឋលេខាធិការដូចគ្នាគួរឲ្យអស់សំណើចបំផុត (Resic!) ។
បច្ចុប្បន្ន ឯកឧត្តម ឯក សំអុល អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ឯក វីរដេដ្ឋ ទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៦/៦៤៤ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ខណៈឯកឧត្តម ឯក វីរដេដ្ឋ មិនទាន់ត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សាឯកឧត្តម ឯក សំអុល ត្រូវជាឪពុកនៅឡើយ ។
មជ្ឈដ្ឋានបញ្ញវន្តមួយចំនួន បាននិយាយរបៀបកំប្លែងលេងសើចថា ដោយឯកឧត្តម ឯក សំអុល កាន់តំណែងជាទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា ហើយបើសិនជាឯកឧត្តម ឯក វីរដេដ្ឋ បច្ចុប្បន្នកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវជាកូនបង្កើតរបស់ឯកឧត្តម ឯក សំអុល ទទួលបានការតែងតាំងបន្តជាទីប្រឹក្សាឯកឧត្តម ឯក សំអុល ត្រូវជាឪពុកទៀតនោះ គឺឯកឧត្តម ឯក វីរដេដ្ឋ នឹងក្លាយជាកំពូលមនុស្សខ្លាំងម្នាក់ ពីព្រោះកាន់តំណែងជាទីប្រឹក្សារបស់ ឪពុកជាទីប្រឹក្សារាជរដ្ឋាភិបាល ពោលជាទីប្រឹក្សារបស់ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រីទៅទៀត ។
នេះ គឺជារឿងមហាសែនច្របូកច្របល់ពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងមន្ត្រីរាជការដែលមានលុយ មានអំណាច និងមានខ្នងក្រាស់ នាសម័យព្រះរាជាណាចក្រកម្ពុជាទីពីរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ៕