ជារឿងគួរឲ្យហួសចិត្តពន់ពេកណាស់ ដោយរថយន្តម៉ាក ISUZU ចង្កូតស្តាំ ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-6567 មួយគ្រឿងនេះមិនបានចូលរួមបម្រើការងារការពារជាតិក្នុងនាមជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ពតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះអ្វីនោះទេ ប៉ុន្តែបែរជាត្រូវបានក្រុមឈ្មួញយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនសត្វមាន់តាមច្រករបៀងខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាយ៉ាងហ៊ឺហាទៅវិញ ខណៈសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលមានចំនួនច្រើនដូចស្រមោចមិនខ្វល់ខ្វាយចាត់វិធានការទាល់តែសោះ ។
ប្រភពព័ត៌មានពីខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមឈ្មួញបានប្រើប្រាស់រថយន្តម៉ាក ISUZU ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-6567 នេះធ្វើជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសត្វមាន់រស់ខុសច្បាប់តាមច្រករបៀងមួយឈ្មោះ "បឹងឆ្នាំង" ឋិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ យកមកចែកចាយតាមទីតាំងផ្សារលក់ដូរផ្សេងៗក្នុងមួយថ្ងៃៗចំនួនប្រមាណជាង ២០០ធុង ដាក់សត្វមាន់ ខណៈសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ ឬត្រួតពិនិត្យអ្វីឡើយ ។
មាត្រា៥, មាត្រា៦ និងមាត្រា១១ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ បានចែងបញ្ជាក់ថា យានយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ គឺជាយានយន្តគ្រប់គ្រងដោយក្រសួងការពារជាតិ ប្រើប្រាស់សម្រាប់នៅសមរភូមិ និងការងារការពារជាតិ សម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ព ។
ដូច្នេះ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ហើយត្រូវបានក្រុមឈ្មួញយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនសត្វមាន់ចូលខុសច្បាប់ពីប្រទេសថៃមកប្រទេសកម្ពុជាយ៉ាងហ៊ឺហានោះ បានបង្កឲ្យមានបច្ច័យអាក្រក់ ដូចខាងក្រោម ៖
១-រំលោភបំពានលើស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ ។
២-បំបាក់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា និងបង្អាប់បង្អោនកិត្យានុភាពកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ។
៣-ចូលរួមសមគំនិតធ្វើឲ្យខាតបង់ប្រាក់ចំណូលរដ្ឋតាមរយៈការដឹកជញ្ជូនចរាចរណ៍សត្វមាន់ខុសច្បាប់ដោយគេចពន្ធ ។
៤-បង្កឲ្យមានផលប៉ះពាល់ដល់ការប្រកបមុខរបរជំនួញ ពោលគឺជារូបភាពនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយម្ខាងរកស៊ីបង់ពន្ធជូនរដ្ឋត្រឹមត្រូវ និងម្ខាងទៀតរកស៊ីគេចពន្ធ ។
សូមឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាត្រួតពិនិត្យមើល និងមានវិធានការជាក់លាក់ទៅលើករណីអសកម្មទាំងនេះផង ៕