ថ្ងៃ ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០

អភិបាលក្រុង​ម្នាក់​ និង​អង្គរក្ស​៩​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​ ក្នុង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​

​សារព័ត៌មាន​ NWCABLE​ បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ អភិបាលក្រុង​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ម្នាក់​ និង​អង្គរក្ស​ផ្ទាល់​ចំនួន​៩​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ថ្ងៃ​សុក្រ​ ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ Makilala​ ភាគ​ខាងជើង​ខេត្ត​ Cotabato​ ឋិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ រត់ពន្ធ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ និង​ទំនើង​ហ៊ាន​បាញ់​តដៃ​ជាមួយ​ក្រុម​សមត្ថកិច្ច​កំពុង​បំពេញបេសកកម្ម​ ។​

​លោក​ Samsudin​ Dimaukom​ អភិបាលក្រុង​ Datu​ Saudi​ Ampatuan​ ឋិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​ ក្នុង​ខេត្ត​ Maguindanao​ គឺជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ចំនួន​ជាង​១៥០​នាក់​ផ្សេង​ទៀត​ក្នុង​តំបន់​ ត្រូវ​បាន​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ Rodrigo​ Duterte​ ស៊ើបអង្កេត​រក​ឃើញ​ថា​ បាន​ធ្វើ​សកម្មភាព​រត់ពន្ធ​គ្រឿងញៀន​យ៉ាង​សកម្ម​ ក្នុង​តំបន់​ភាគ​ខាងត្បូង​នៃ​ប្រទេស​ ។​

​មន្ត្រី​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ក្នុង​តំបន់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើតហេតុ​ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ឈប់​ក្បូន​រថយន្ត​របស់​លោក​ Samsudin​ Dimaukom​ និង​រថយន្ត​កង​អង្គរក្ស​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ ក្រោម​ការ​សង្ស័យ​ក្នុង​បទល្មើស​លួចលាក់​ទុក​គ្រឿងញៀន​នៅ​ក្នុង​រថយន្ត​ ។​ ប៉ុន្តែ​ការ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​កងកម្លាំង​អង្គរក្ស​របស់​លោក​អភិបាលក្រុង​រូប​នោះ​បាញ់​តដៃ​ជាមួយនឹង​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ពេល​កំពុង​បំពេញបេសកកម្ម​ ទើបត្រូវ​សមត្ថកិច្ច​ប៉ូលិស​បាញ់​កម្ទេច​ បណ្តាល​ឲ្យ​លោក​អភិបាលក្រុង​ និង​អង្គរក្ស​ចំនួន​៩​នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ទៅ​ ។​

​ចាប់តាំងពី​លោក​មេធាវី​ Rodrigo​ Duterte​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ហ្វី​លី​ពី​ន​នា​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​មក​ទល់​បច្ចុប្បន្ន​ គឺ​មាន​មនុស្ស​ចំនួន​ជិត​ ៤​ ០០០​នាក់​ហើយ​ត្រូវ​បាន​បាញ់​សម្លាប់​ និង​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​បាន​ចេញ​មក​សារភាព​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ ។​

​ក្រោម​កណ្តាប់ដៃ​ដែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដ៏​ក្តៅ​គគុក​របស់​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ នា​ពេល​កន្លង​មករ​ហូត​ទល់​បច្ចុប្បន្ន​ បាន​ប្រឈម​នឹង​ការ​រិះគន់​ពី​មហាអំណាច​សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ​ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ និង​សហភាព​អឺរ៉ុប​ ព្រមទាំង​ការ​ព្រមាន​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​ ដោយ​ចោទប្រកាន់​ថា​ បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ប៉ុន្តែ​ទោះ​យ៉ាងណា​ លោក​ប្រធានាធិបតី​ហ្វី​លី​ពី​នរូ​ប​នេះ​មិន​យកចិត្តទុកដាក់​ទៅ​នឹង​ការ​រិះគន់​ទាំងនោះ​ឡើយ​ ដ្បិត​លោក​ប្រធានាធិបតី​បាន​ប្តេជ្ញា​ចិត្ត​រួច​ហើយ​ថា​ នឹង​កម្ចាត់​គ្រឿងញៀន​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​ដ៏​គ្រោះថ្នាក់​សម្រាប់​សង្គម​ទាំងមូល​ឲ្យ​អស់ពី​ក្នុង​ប្រទេស​ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.