សារព័ត៌មាន ASIAMARITIME បានផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា នាវាមុជទឹក USS Columbia ដែលជានាវាចម្បាំងវាយលុកបំពាក់ដោយអាវុធមីស៊ីលល្បឿនលឿនដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានមកដល់កំពង់ផែ Yokosuka ប្រទេសជប៉ុនហើយៗចំពេលដែលជប៉ុនទទួលរងកសរគំរាមកំហែងពីប្រទេសចិននៅតំបន់ដែនសមុទ្រចិនខាងកើត និងជម្លោះដែនសមុទ្រចិនខាងត្បូងក៏កំពុងឡើងកម្ដៅរវាងបណ្ដាប្រទេសមួយចំនួនជាមួយនឹងមហាអំណាចចិន ។
លោក David Edgerton អ្នកនាំពាក្យទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា វត្តមាននាវាមុជទឹក USS Columbia ដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនៅប្រទេសជប៉ុន គឺដើម្បីធានាដល់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ជាមួយកងកម្លាំងទាហានទី៧របស់អាមេរិកបោះទីតាំងនៅទីនោះ និងបង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងអាមេរិក និងជប៉ុន នៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ។
វត្តមាននាវាមូជទឹកវាយលុក USS Columbia ដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកនៅប្រទេសជប៉ុនលើកដំបូងនាពេលនេះ គឺចំកាលៈទេសៈដែលមហាអំណាចចិនកំពុងបង្កើនកងកម្លាំងយោធានៅតំបន់ដែនសមុទ្រចិនខាងកើត ជាតំបន់ដែនទឹកមានជម្លោះជាមួយប្រទេសជប៉ុន ហើយអាចគំរាមកំហែងជប៉ុន ដោយសារជប៉ុនពឹងផ្អែកទាំងស្រុងលើវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ។ ដូច្នេះ វត្តមាននាវាមុជទឹកវាយលុករបស់មហាអំណាចអាមេរិកនៅប្រទេសជប៉ុន គឺបង្ហាញអំពីសកម្មភាពរបស់អាមេរិកនៅអាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ចិន ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ នាវាពិឃាតមួយគ្រឿងឈ្មោះ USS Decatur ជានាវាចម្បាំងដ៏ទំនើបរបស់អាមេរិកបានបើកទៅជិតប្រជុំកោះ Paracel Islands ឋិតក្នុងតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ដោយចិនចោទប្រកាន់ថា ជាអំពើខុសច្បាប់ ខណៈលោក Gary Ross មន្ដ្រីអ្នកនាំពាក្យមន្ទីរ Pentagon របស់អាមេរិកបានអះអាងថា ចរាចរណ៍នៃនាវាចម្បាំងរបស់អាមេរិកនេះបានបង្ហាញឲ្យឃើញថា បណ្ដាប្រទេសដែលនៅជាប់នឹងឆ្នេរសមុទ្រមិនអាចដាក់កម្រិតដោយខុសច្បាប់ណាមួយទៅលើសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការប្រើប្រាស់ដែនសមុទ្រស្របច្បាប់ ដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសទាំងអស់ត្រូវបានអនុញ្ញាតឲ្យអនុវត្តសិទ្ធិដោយស្របទៅតាមច្បាប់សមុទ្រអន្តរជាតិ ៕