កាលពីអំឡុងចុងឆ្នាំ២០១៣ មាននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន(ប៉ូលិសអន្តោប្រវេសន៍)ច្រើននាក់ ទទួលបានការតែងតាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងមហាផ្ទៃ ប៉ុន្តែដំណាលគ្នានេះ ក៏មាននាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនដែលជាជំនួយការសម្តេចក្រឡាហោម ស ខេង ទាំងនោះខ្លះជាប់ឈ្មោះល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយមិនស្ទើរឡើយ ហើយមានចរិតក្រអឺតក្រទមមិនស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋថែមទៀត តួយ៉ាងជាអាទិ៍ លោកវរសេនីយ៍ឯក សៅ ប៊ុនរិទ្ធ នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ៣៤១០៦ ល្បីឈ្មោះខាងប្រព្រឹត្តអំពើពុករលួយតាំងពីនៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតមកដល់បម្រើការងារជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបងបច្ចុប្បន្ន ដែលសឹងក្លាយជា "ជំនាញពិសេស" របស់ប៉ូលិសរូបនេះ ។
សេចក្តីរាយការណ៍ពីមន្ត្រីនគរបាលខេត្តបាត់ដំបងមួយចំនួន បានឲ្យដឹងថា រឿងអាស្រូវពុករលួយពីការយកលុយធ្វើប័ណ្ណឆ្លងដែន (Border Pass) របស់ពលករខ្មែរធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ខ្ពស់ហួសកម្រិតរហូតដល់ជាងទ្វេដង ធៀបនឹងតម្លៃកំណត់ដោយរាជរដ្ឋាភិបាលចំនួន ២០ ០០០រៀលក្នុង១ម្នាក់ៗ គឺកើតមានពេញបន្ទុកនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯក សៅ ប៊ុនរិទ្ធ ជានាយប៉ុស្តិ៍ ។
ក្រៅពីបង់ថ្លៃសេវារូបថតចំនួន ៥៥បាត(លុយថៃ) និងថ្លៃបំពេញបែបបទឯកសារផ្សេងៗចំនួន ២០បាត គឺប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានប៉ូលិសច្រកទ្វារព្រំដែនអន្តរជាតិដូងកំណត់យកលុយពី ៣៥០បាត ទៅ ៤៥០បាត ឬគិតជាលុយខ្មែរប្រមាណពី ៥០ ០០០រៀល ទៅ ៦០ ០០០រៀលក្នុងម្នាក់ៗ ខណៈការបន្តសុពលភាពប័ណ្ណត្រឹម០៧ថ្ងៃ ត្រូវបង់ប្រាក់ចំនួន ៧០បាត ។ រីឯចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តឆ្ងាយៗផ្សេងៗទៀត ក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរ តែត្រូវបង់ប្រាក់ប្រមាណចាប់ពី ១ ០០០បាត(ឬស្មើនឹងប្រមាណចាប់ពី ១៤០ ០០០រៀល)ក្នុងម្នាក់ៗឡើងទៅ ។ នេះមិនទាន់និយាយដល់ផលប្រយោជន៍ផ្សេងៗទៀតដែលទទួលបានពីការបិទភ្នែកបណ្តែតបណ្តោយឲ្យមានចរាចរណ៍ទំនិញគេចពន្ធផង ។
លោក សៅ ប៊ុនរិទ្ធ នាយនគរបាលជាតិជាន់ខ្ពស់នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ អត្តលេខ៣៤១០៦ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៣៦៣អនក្រ.តត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ។ លើសពីនេះ លោកវរសេនីយ៍ឯក សៅ ប៊ុនរិទ្ធ អត្តលេខ៣៤១០៦ ក៏ទទួលបានការតែងតាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្នជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន(មិនយកប្រាក់បៀវត្សរ៍)ផងដែរ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១១៧៣អនក្រ.តត ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ។
ដោយឡែក កាលពីដើមខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ជំនួយការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដូចគ្នានឹងលោកស័ក្តិ៥ សៅ ប៊ុនរិទ្ធ ដែរ គឺលោកវរសេនីយ៍ឯក ឡុង រុក្ខា នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០៧១៣៧ និងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតតំណែងពីប៉ុស្តិ៍ខ្លាញ់នេះភ្លាមៗ ដោយប្រកាសលេខ៦១៦០ប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយការបែកធ្លាយរឿងអាស្រូវជនជាតិយួនចំនួន៥នាក់ស្នាក់នៅផ្ទះលោកស័ក្តិ៥ ឡុង រុក្ខា ផ្ទាល់ ហើយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនក្នុងបទល្មើសរុករក និងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ប្រព្រឹត្តនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ។
មជ្ឈដ្ឋានទូទៅចង់ឃើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ស រដ្ឋា នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ អត្តលេខ៥៤៨៥៧ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បើកការស៊ើបអង្កេតត្រួតពិនិត្យមើល និងមានវិធានការជាក់លាក់ទៅលើរឿងរ៉ាវពុករលួយរបស់លោកស័ក្តិ៥ សៅ ប៊ុនរិទ្ធ ជាកូនចៅក្រោមឱវាទ ពីព្រោះមុខមាត់ និងកិត្តិយសសម្តេចក្រឡាហោម ស ខេង ក៏ត្រូវប្រឈមនឹងការអាប់ឱនដែរ ប្រសិនបើមានជំនួយការជាមន្ត្រីពុករលួយនោះ ៕