ជារឿងអាម៉ាស់ និងបង្អាប់បង្អោនកិត្យានុភាពកងកម្លាំងនគរបាលជាតិកម្ពុជាឲ្យអាប់ឱនសម្បើមណាស់ នៅពេលដែលបែកធ្លាយព័ត៌មានល្បីពេញទូទាំងខេត្តព្រះសីហនុ រហូតដល់សឹងទូទាំងប្រទេសថា មានលោកវរសេនីយ៍ឯកកាន់តំណែងជាស្នងការរងនគរបាលខេត្តព្រះសីហនុម្នាក់ និងត្រូវជាកូនប្រសារបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច ដែលសម្បូររឿងអាស្រូវដីធ្លីផង អាងអំណាចប្រព្រឹត្តអំពើបាញ់បោះសេរី ដ្បិតនាំស្រីពីកន្លែងហាងស៊ីផឹកទៅដេកជាមួយមិនបាន កាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅ នៅក្លឹបកម្សាន្តយីហោ "Seven" ក្នុងទីតាំងសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ "EMARIO HOTEL AND RESORT" ឋិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍មួយចំនួន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ជិះរថយន្តទំនើប២គ្រឿង ក្នុងនោះមានរថយន្ត១គ្រឿងម៉ាក Lexus 570 ពាក់ស្លាកលេខនគរបាល និងមានបិទស្លាកសញ្ញានគរបាលសងខាងទ្វាររថយន្តផង បានទៅផឹកស៊ីសប្បាយក្នុងក្លឹបកម្សាន្តយីហោ "Seven" ជាទីតាំងកើតហេតុ នៅវេលាម៉ោងប្រមាណ០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ។ បន្ទាប់មក គេបានឃើញបុរស២នាក់ក្នុងចំណោម៣នាក់ ធ្វើដំណើរចាកចេញទៅមុនជាមួយនឹងរថយន្ត១គ្រឿង គឺនៅសល់តែបុរសម្នាក់មានសក់រាងវែង មុខស្រដៀងជនជាតិយួន ជិះរថយន្តម៉ាក Lexus 570 ពាក់ស្លាកលេខនគរបាល ថែមទាំងអួតសម្ញែងឲ្យដឹងថា ខ្លួនជាស្នងការរងនគរបាលខេត្តព្រះសីហនុ ទើបកាន់តំណែងថ្មីៗ នៅញ៉ែទាក់ទងស្រីៗក្នុងក្លឹបបំណងយកទៅដេកជាមួយ តែបរាជ័យ ។
ទំនងជាខឹងសម្បានឹងរឿងញ៉ែស្រីយកទៅដេកជាមួយមិនបានសម្រេច ទើបបុរសម្នាក់នោះចាកចេញពីបរិវេណបន្ទប់ក្លឹបកម្សាន្ត ក៏ដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន១គ្រាប់ ដើម្បីសម្តែងឫទ្ធិអំណាចរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃទៀត ។ បន្ទាប់ពីផ្ទុះអាវុធរួច បុរសទំនើងនោះក៏បើករថយន្តទំនើបម៉ាក Lexus 570 ពាក់ស្លាកលេខនគរបាលចេញមកក្រៅ ប៉ុន្តែត្រូវសន្តិសុខយាមកាមទីតាំងសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ បិទបារ៉ាស់មិនឲ្យបុរសបង្កហេតុបើករថយន្តចេញ ស្រាប់តែបុរសទំនើងដកកាំភ្លើងខ្លីសំឡុតគំរាមកំហែងភ្ជង់ទៅលើសន្តិសុខយាមច្រកទ្វារចេញ-ចូល ធ្វើឲ្យសន្តិសុខភ័យញ័រខ្លួនរត់គេចទៅរកទីសុវត្ថិភាព ហើយបុរសទំនើងក៏បើករថយន្តបុកទម្លុះបារ៉ាស់ចេញបាត់ទៅ ។
មន្ត្រីនគរបាលជាន់ខ្ពស់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហើបប្រាប់ឲ្យដឹងថា រថយន្តទំនើបម៉ាក Lexus 570 ដែលពាក់ស្លាកលេខនគរបាល និងបិទស្លាកសញ្ញានគរបាលនៅសងខាងទ្វាររថយន្ត គឺមានតែ១គ្រឿងគត់ ដែលប្រើប្រាស់ដោយលោកវរសេនីយ៍ឯក បែន តារា ជាស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកផែនសុខាភិបាល និងផ្សព្វផ្សាយអប់រំ និងត្រូវជាកូនប្រសារបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិចផង ។
លោក បែន តារា នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ៥៤៧៦៦ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១០៣៣អនក្រ.តត ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ករណីនេះលោកបានរាយការណ៍ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃរួចហើយៗលោកនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ ។
សូមរង់ចាំតាមដានមើលទាំងអស់គ្នា តើថ្នាក់ដឹកនាំខាងលើនឹងតចាត់វិធានការបែបណាទៅលើសកម្មភាពអាងអំណាចបាញ់បោះសេរី ក្នុងរឿងនាំស្រីទៅដេកជាមួយមិនបានរបស់លោកស័ក្តិ៥ប៉ូលិស បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ និងត្រូវជាកូនប្រសារបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលសម្បូររឿងអាស្រូវដីធ្លីនោះ ? ៕