សិល្បករជើងចាស់ល្បីឈ្មោះម្នាក់តាំងពីទសវត្សរ៍ឆ្នាំ៨០ តាមរយៈស្នាដៃនិពន្ធបទភ្លេង និងចម្រៀង ដែលជាម្ចាស់បទ "លក់ស្រែចូលបារ" និងបទ " Welcome to Cambodia" … គឺលោក ម៉ិញ សុធីវណ្ណ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៦/៧៨៩ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីជាសិល្បករជើងចាស់ដ៏ល្បីឈ្មោះ លោក ម៉ិញ សុធីវណ្ណ ក៏ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃម្នាក់ដែរ ដែលមានអត្តលេខ០៧០២ ។
លោក ម៉ិញ សុធីវណ្ណ នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០៧០២ ធ្លាប់ទទួលបានការតែងតាំងជា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើអគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យរបស់រាជដ្ឋាភិបាលលេខ៥២៤អនក្រ.តត ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១០ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៥០៣ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១ ។ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃរូបនេះ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១២/១០៥៣ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ និងបច្ចុប្បន្ន ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)តែម្តង ៕