ដោយមិនរង់ចាំឲ្យផុតរយៈពេលប្តឹងឧទ្ធរណ៍តវ៉ាអំពីការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១សិននោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC) )បានរៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិចាស់(អាណត្តិទី១០) គឺលោកមេធាវី ប៊ុន ហុន អត្តលេខ១៤១ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី(អាណត្តិទី១១) គឺលោកមេធាវី សួន វិសាល អត្តលេខ១៤៣បាត់ទៅហើយ បន្ទាប់ពីលោកមេធាវី សួន វិសាល បានជាប់ឆ្នោតនាសម័យបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១(២០១៦-២០១៨) ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២១របស់គណៈមេធាវី ។
ការចូលកាន់តំណែងរបស់លោកមេធាវី សួន វិសាល ជាប្រធានគណៈមេធាវីអាណត្តិទី១១ គឺមានរយៈពេលត្រឹម០៤ថ្ងៃតែប៉ុណ្ណោះ ក្រោយពីការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ។
មាត្រា១៧នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "…មេធាវីដែលមានសិទ្ធិបោះឆ្នោត ឬអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ អាចប្តឹងតវ៉ាអំពីការបោះឆ្នោតនេះទៅសាលាឧទ្ធរណ៍បាន ។ ពាក្យបណ្តឹងនេះត្រូវធ្វើឡើងដោយមេធាវីក្នុងរយៈពេល១៥ថ្ងៃក្រោយការបោះឆ្នោត ឬដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ក្នុងរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទទួលដំណឹងស្តីពីលទ្ធផលនៃការបោះឆ្នោតនោះ ។ " ។
អនុលោមតាមបញ្ញត្តិមាត្រា១៧នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីដូចមានចែងខាងលើ គឺការចូលកាន់តំណែងរបស់លោកមេធាវី សួន វិសាល ជាប្រធានគណៈមេធាវីអាណត្តិទី១១ ឋិតក្នុងកាលៈទេសៈមិនទាន់ផុតរយៈពេលនៃការប្តឹងតវ៉ាអំពីលទ្ធផលឆ្នោតទៅសាលាឧទ្ធរណ៍នៅឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាអង្គការប្រមូលផ្តុំមេធាវីទាំងអស់ដែលតាំងការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមិនឋិតនៅក្រោមគណបក្សនយោបាយណាមួយ ឬអង្គការសាសនាណា ឬអង្គការនានាផ្សេងទៀតឡើយ ហើយលើសពីនេះ វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ និងសេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ គួរណាស់តែស្ថាប័នគណៈមេធាវីដើរតួលើការគោរពច្បាប់ជាគំរូ ។ ផ្ទុយទៅវិញ ជាក់ស្តែង គណៈមេធាវីទើបបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១១ និងប្រកាសលទ្ធផលឆ្នោតនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្រាប់តែដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក៏រៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវីចាស់(អាណត្តិទី១០) ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី(អាណត្តិទី១១)បាត់ទៅហើយ ដោយមិនរង់ចាំឲ្យផុតរយៈពេលប្តឹងតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៧នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីសិនឡើយ ។
របៀបរបបធ្វើការ "តក់ក្រហល់" របស់គណៈមេធាវីបែបនេះ បានបង្ហាញឲ្យឃើញថា ៖ ១-ជាស្ថាប័នមិនគោរពច្បាប់, ២-ជាស្ថាប័នធ្វើការមិនចេះខុស ឬទោះ "ខុស" ក៏នៅតែ "ត្រូវ" , ៣-ញាណដឹងមុនថា ទោះបីជាមានអ្នកប្តឹងតវ៉ា ក៏ឥតប្រយោជន៍ (ប្តឹងមិនបានលទ្ធផលតាមបំណង) និង៤-ញាណដឹងមុនថា មិនមានអ្នកប្តឹងតវ៉ាអំពីការបោះឆ្នោត ។
សមាជិកគណៈមេធាវីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា គណៈមេធាវីដែលជាស្ថាប័នឯករាជ្យ និងសេរី បម្រើវិស័យយុត្តិធម៌ ព្រមទាំងប្រមូលផ្តុំទៅដោយអ្នកច្បាប់ គប្បីជម្រុះចោលនូវទម្លាប់អាក្រក់មួយចំនួនដែលជាការមិនគោរពច្បាប់ ជាពិសេសច្បាប់ស្តីពីលក្ខន្តិកៈមេធាវី (ជាច្បាប់ប្រើប្រាស់សម្រាប់ស្ថាប័នខ្លួនឯងផ្ទាល់) ដើម្បីកុំឲ្យប្រែក្លាយទៅជាស្ថាប័នដែលប្រមូលផ្តុំទៅដោយមនុស្សអ្នករំលោភច្បាប់វិញនោះ ។
លោក សួន វិសាល អាយុ៥១ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៤៣ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ។ លោកមេធាវី សួន វិសាល ធ្លាប់បម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) និងក្រោយមក បម្រើការងារនៅក្នុងក្រុមមេធាវី ខ្មែរ អប្សរា (Khmer Apsara Law Firm-KALF) ព្រមទាំងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១០៨/១២១១ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺមានឋានៈជា "ឯកឧត្តម" ។
មុនពេលទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈជា "ឯកឧត្តម" និងកាលនៅបម្រើការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) នៅឡើយ លោកមេធាវី សួន វិសាល អត្តលេខ១៤៣ ធ្លាប់ឈរឈ្មោះបោះឆ្នោតជាប្រធានគណៈមេធាវីអាណត្តិទី៦ (២០០៤-២០០៦) ប្រកួតប្រជែងជាមួយលោកមេធាវី គី តិច អត្តលេខ១៥៦ (បច្ចុប្បន្នលោកមេធាវី គី តិច ជាមេធាវីរាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី ពោលគឺមានឋានៈជាឯកឧត្តម) នាសម័យបោះឆ្នោតក្នុងមហាសន្និបាតគណៈមេធាវី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ដោយលទ្ធផលឆ្នោតទទួលបានឈ្នះនាំមុខលើលោកមេធាវី គី តិច ប៉ុន្តែជាអកុសល ក្រុមបក្ខពួកដង្ហែគាំទ្រលោកមេធាវី គី តិច ប្តឹងតវ៉ាទៅស្ថាប័នតុលាការ មិនព្រមប្រគល់តំណែងប្រធានគណៈមេធាវីជាប់ឆ្នោតទៅឲ្យលោកមេធាវី សួន វិសាល ទេ ជាហេតុធ្វើឲ្យស្ថាប័នគណៈមេធាវីធ្លាក់ទៅក្នុងស្ថានភាពជម្លោះដ៏រ៉ាំរ៉ៃ និងក្លាយជាឱកាសមាស ឱកាសពេជ្រសម្រាប់លោកមេធាវី គី តិច កាន់កាប់តំណែងជាប្រធានគណៈមេធាវីចំនួន២អាណត្តិ (អាណត្តិទី៥ និងអាណត្តិទី៦) រហូតដល់ចំនួន៦ឆ្នាំឯណោះ គឺជាប់ឈ្មោះជាប្រវត្តិសាស្ត្រតែម្តង ៕