ព្រះរាជាណាចក្រកម្ពុជាទី២ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានបង្កើតឲ្យមានច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ហើយច្បាប់ដដែលនេះចំនួន៣២មាត្រាត្រូវបានធ្វើវិសោធនកម្មថ្មី និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។
មាត្រា៤ថ្មី កថាខណ្ឌទី១ និងមាត្រា១៨ថ្មី កថាខណ្ឌទី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មបានចែងថា «ការបង្កើតរោងចក្រត្រូវមានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានយោបល់ឯកភាពពីក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។… រោងចក្រនីមួយៗត្រូវមានឈ្មោះរោងចក្រ ហើយស្លាកឈ្មោះត្រូវសរសេរជាអក្សរខ្មែរមានទំហំធំជាង និងនៅពីលើអក្សរផ្សេងទៀត។ ម្ចាស់រោងចក្រត្រូវលើកបង្ហាញស្លាកឈ្មោះរោងចក្ររបស់ខ្លួននៅកន្លែងដែលងាយមើលឃើញនៅខាងមុខរោងចក្រ។…»។
ទោះបី ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មបានចែងបញ្ញត្តិដូចខាងលើក្តី ក៏មានបណ្តារោងចក្រជាច្រើនបាន និងកំពុងដំណើរការយ៉ាងរលូនទាំងរំលោភបំពានច្បាប់ តាមរយៈបង់លុយកាក់ឲ្យក្រុមមន្ត្រីពាក់ព័ន្ធពុករលួយមួយចំនួន។ ព័ស្តុតាងបានបង្ហាញដូចតទៅ៖
១- រូបភាពទីតាំងរោងចក្រនេះ ត្រូវបានកម្មករ កម្មការិនី និងប្រជាពលរដ្ឋរស់នៅក្បែរខាងលួចបង្ហើបប្រាប់ឲ្យដឹងថា មានឈ្មោះ ហុង ស៊ីង (Hong Xin Washing Factory) មានទីតាំងឋិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបម្រើសេវាកម្មខាងបោកគក់សម្លៀកបំពាក់។ រោងចក្រនេះមិនបានលើកស្លាកឈ្មោះនៅខាងមុខរោងចក្រទេ និងក៏មិនឃើញមានប្រកាសអនុញ្ញាតឲ្យបង្កើតរោងចក្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែរ។
២- រូបភាពទីតាំងរោងចក្រនេះ ត្រូវបានកម្មករ កម្មការិនី និងប្រជាពលរដ្ឋរស់នៅក្បែរខាងលួចបង្ហើបប្រាប់ឲ្យដឹងថា មានឈ្មោះ ជា យាន (Gia Yuan Washing Dyes) មានទីតាំងឋិតនៅផ្ទះលេខ៧៥២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបម្រើសេវាកម្មខាងបោកគក់ និងជ្រលក់ពណ៌សម្លៀកបំពាក់។ រោងចក្រនេះមិនបានលើកស្លាកឈ្មោះនៅខាងមុខរោងចក្រទេ និងក៏មិនឃើញមានប្រកាសអនុញ្ញាតឲ្យបង្កើតរោងចក្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែរ។
៣- រូបភាពទីតាំងរោងចក្រនេះ ត្រូវបានកម្មករ កម្មការិនី និងប្រជាពលរដ្ឋរស់នៅក្បែរខាងលួចបង្ហើបប្រាប់ឲ្យដឹងថា មានឈ្មោះ ឈិន វៃ ហ្វា (ខេមបូឌា) «Cheng Wei Fa (Cambodia) Dyeing & Washing Factory» មានទីតាំងឋិតនៅផ្ទះលេខ០២ ផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបម្រើសេវាកម្មខាងបោកគក់ និងជ្រលក់ពណ៌សម្លៀកបំពាក់។ រោងចក្រនេះមិនបានលើកស្លាកឈ្មោះនៅខាងមុខរោងចក្រទេ និងក៏មិនឃើញមានប្រកាសអនុញ្ញាតឲ្យបង្កើតរោងចក្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែរ។
៤- … ។ល។
មជ្ឍដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ការណ៍ដែលលេចចេញវត្តមានបណ្តារោងចក្រមិនលើកបង្ហាញស្លាកឈ្មោះរោងចក្ររបស់ខ្លូនពិតប្រាកដ ព្រោះតែមិនមានប្រកាសអនុញ្ញាតឲ្យបង្កើតរោងចក្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រឹមត្រូវដូច្នេះ គឺបង្កឲ្យមានផលប៉ះពាល់ដូចខាងក្រោម៖
- ខាតបង់ប្រាក់ចំណូលរដ្ឋទាំងខាងថ្លៃសេវាសាធារណៈ លើការចេញប្រកាសអនុញ្ញាតឲ្យបង្កើតរោងចក្រ ទាំងខាងពន្ធដារ…។
- បង្កឲ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងមុខរបរជំនួញជាមួយបណ្តារោងចក្រត្រឹមត្រូវ និងគោរពច្បាប់ផ្សេងៗទៀត។
- បង្កការប៉ះពាល់ដល់បរិស្ថានដែលតែងតែធ្វើឲ្យមន្ត្រីជំនាញពាក់ព័ន្ធមើលរំលង។
- បង្កឲ្យមានការរំលោភបំពានច្បាប់ស្តីពីការងារធ្ងន់ធ្ងរ ពីព្រោះបណ្តារោងចក្រដែលបើកដំណើរការរបៀប «លួចលាក់» បែបនេះ គឺងាយស្រួលក្នុងការកៀបសង្កត់ទៅលើសិទ្ធិកម្មករ កម្មការិនី ដោយកម្រមានសហជីពប្រចាំរោងចក្រ ដើម្បីចូលរួមឃ្លាំមើលតាមដានការអនុវត្តច្បាប់ស្តីពីការងារនៅក្នុងរោងចក្រ… ។ល។
សូមឯកឧត្តមបណ្ឌិតឧកញ៉ា ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម មេត្តាត្រួតពិនិត្យមើល និងមានវិធានការទៅលើបណ្តារោងចក្រ សិប្បកម្ម ដែលបាន និងកំពុងរំលោភបំពានច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មនោះឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពផង ពីព្រោះក្រុមមន្ត្រីពុករលួយមួយចំនួនកំពុងសប្បាយនឹងការកើបលុយដាក់ហោប៉ៅពីបណ្តារោងចក្រល្មើសច្បាប់នានាយ៉ាងសកម្មបំផុត ធ្វើឲ្យខាតបង់ផលប្រយោជន៍ជាតិ និងការអនុវត្តច្បាប់យ៉ាងធ្ងន់ធ្ងរ៕