រយៈពេល ០២ ថ្ងៃជាប់ៗគ្នានៅរាជធានីភ្នំពេញ រថយន្តទំនើបម៉ាក Range Rover ចំនួន២គ្រឿងបានសាកកម្លាំង២មុខសញ្ញាផ្សេងៗគ្នា គឺ ករណីទី១ Range Rover មួយគ្រឿងបុកពេញទំហឹងចំពាក់កណ្តាលតួរថយន្តម៉ាក Land Cruiser មួយគ្រឿងធ្វើឲ្យ Land Cruiser ក្រឡាប់ផ្ងារជើងនៅស្តុបវត្តមហាមន្ត្រី ផ្លូវលេខ១៦៣ កែងវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ និងករណីទី២ Range Rover ចងកំហឹងបុកពេញទំហឹងទៅលើខឿនរង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ រហូតដល់ផ្លោងក្រឡាប់ច្រើនត្រឡប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
កាលពីវេលាម៉ោង០៣ និង១៥នាទីព្រឹក ឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្តុបវត្តមហាមន្ត្រីមានរថយន្តម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-9992 មួយគ្រឿងបើកបរដោយស្រីស្រស់ម្នាក់តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងមកត្បូង បានបុកពេញទំហឹងចំពាក់កណ្តាលតួរថយន្តម៉ាក Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W-8458 មួយគ្រឿងបើកបរដោយស្ត្រីវ័យចំណាស់ម្នាក់តាមបណ្តោយវិថីព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច បណ្តាលឲ្យរថយន្ត Land Cruiser ក្រឡាប់ផ្ងារជើងឡើងលើ រួចហើយស្រីស្រស់អ្នកបើកបររថយន្តបង្កគេចខ្លួនបាត់ស្រមោលបន្ទាប់ពីជួបហេតុការណ៍ភ្លាមៗ បន្សល់ទុកតែរថយន្តបង្ករងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈគ្មានអ្នករងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះទេ។
ដោយឡែក កាលពីវេលាម៉ោង០១ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ មានរថយន្តម៉ាក Range Rover (Mini) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2R-4777 មួយគ្រឿងបើកបរដោយបុរសម្នាក់ទាំងអាការៈស្រវឹងក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែជ្រុលចង្កូតទៅបុកខឿនរង្វង់មូលវត្តភ្នំពេញទំហឹង បណ្តាលឲ្យរថយន្តហោះផ្លោងក្រឡាប់ជាច្រើនត្រឡប់ខូចខាតយ៉ាងដំណំ ដោយអ្នកបើកបរជួបសំណាងល្អត្រឹមរងរបួសស្រាល ព្រោះមានពោងសុវត្ថិភាពជួយការពារ។
មជ្ឈដ្ឋាន អ្នកធ្លាប់ប្រើប្រាស់រថយន្តទំនើបបានលាន់មាត់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីខាងលើនេះ បើកុំតែរថយន្តបង្កជារថយន្តទំនើបម៉ាក Range Rover មានទម្ងន់ធ្ងន់ និងមាំទាំខាងសុវត្ថិភាព ម្ល៉េះសមអ្នកបើកបររថយន្តបង្កទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរស្មានមិនដល់ជាមិនខាន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ គ្រប់អ្នកបើកបរយានយន្តត្រូវតែចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕