ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មហាអំណាចអាមេរិកចាត់ចំណាត់ថ្នាក់ឲ្យទាហានជប៉ុនជាប់លំដាប់លេខ១លើចិន ដែលជាប់លេខ២ នៅអាសុី

ថ្វីដ្បិតតួលេខកងកម្លាំងទាហាន និងសព្វាវុធរបស់ជប៉ុនមានចំនួនតិចជាងច្រើនដងធៀបទៅនឹងចិនក៏ដោយ ក៏មហាអំណាចអាមេរិកបានវាយតម្លៃថា សមត្ថភាព និងលទ្ធភាព ព្រមទាំងបច្ចេកវិទ្យាសម័យទំនើបលើវិស័យការពារជាតិរបស់ជប៉ុនបាននាំមុខប្រទេសចិនយ៉ាងឆ្ងាយ ពោលគឺ កងកម្លាំងទាហានជប៉ុនគ្រងតំណែងជាប់លំដាប់ថ្នាក់លេខ១នៅអាសុី ហើយចិនជាប់លំដាប់ថ្នាក់លេខ២ប៉ុណ្ណោះ ។

អ្នកឯកទេសវិភាគខាងវិស័យយោធាអន្តរជាតិមកពីសហរដ្ឋអាមេរិក គឺលោកបណ្ឌិត Larry M.Wortzel ដែលដកស្រង់សម្ដីដោយសារព័ត៌មាន Breaking Defence បានបញ្ជាក់ឲ្យដឹងថា កម្លាំងការពារជប៉ុនបច្ចុប្បន្ន មានកងកម្លាំងទាហានជើងអាកាស និងទាហានជើងទឹកប្រកបដោយសមត្ថភាពខ្លាំងក្លាលំដាប់លេខ១នៅអាសុី គឺឋិតនៅពីលើចិន ដែលជាប់លំដាប់ថ្នាក់លេខ២ ។

ក្រៅពីមានយន្ដហោះចម្បាំងវាយលុកធុន F-15J និង F-15DJ ចំនួនរាប់រយគ្រឿងជាប់ចំណាត់ថ្នាក់ជាយន្ដហោះចម្បាំងគុណភាពល្អលើពិភពលោក និងមានយន្ដហោះចម្បាំងពីសហរដ្ឋអាមេរិក ដូចជា F-15 ច្រើនគ្រឿងផងនោះ បច្ចុប្បន្នជប៉ុនមានយន្ដហោះចម្បាំងទំនើបៗលំដាប់ពិភពលោករាប់រយគ្រឿងទៀត ជាពិសេសយន្ដហោះចម្បាំងទំនើបធុន F-3 សម្រាប់ជំនួសឲ្យយន្ដហោះចម្បាំងធុន F-15 ។

យន្ដហោះដែលអាចចុះចតលើទឹកបានរបស់ជប៉ុនធុន Seaplane US-2 ក៏មានប្រសិទ្ធភាពប្រើប្រាស់យ៉ាងល្បីល្បាញ ។ យ៉ាងហោចណាស់មាននាវាចម្បាំងរបស់ជប៉ុនចំនួន៦គ្រឿង ត្រូវបានបំពាក់ដោយប្រព័ន្ធការពារមីសុីលឆ្លាតវៃផលិតនៅសហរដ្ឋអាមេរិកធុន Aegis BMD ។

លើសពីនេះ ជប៉ុនបានសហការជាមួយអាមេរិកធ្វើការផលិតនាវាមុជទឹកគ្មានមនុស្សបើកដើរដោយថាមពលពិសេសសម្រាប់ប្រមូលទិន្នន័យព័ត៌មានវិស័យការពារជាតិផ្សេងៗនៅបាតសមុទ្រក្នុងរយៈពេល៣០ថ្ងៃ សំដៅបង្កើនល្បឿនទំនើបកម្មទាហានជើងទឹករបស់ខ្លួន ៕

 

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.