ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

ច្បាស់​ហើយ​ !​ អារម្មណ៍​ពិត​របស់​បុរស​ខ្លាំង​គឺ​ “​ខ្លាច​”​ លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​

​គ្រាន់តែ​ឮ​ព័ត៌មាន​ថា​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា​ល្បី​ថា​មិន​ឯករាជ្យ​ ចង់​វិល​ត្រឡប់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​ជា​ "​មាតុភូមិ​"​ វិញ​ ដោយ​មិន​ខ្លបខ្លាច​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ស្ថាប័ន​តុលាការ​នោះ​ បែរជា​ធ្វើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់កាប់​អំណាច​ផ្តាច់មុខ​ និង​ដុះ​ស្លែ​នៅ​កម្ពុជា​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ មាន​អារម្មណ៍​ភ័យ​ខ្លាច​ និង​រិះរក​គ្រប់​មធ្យោបាយ​ទប់ស្កាត់​មិន​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ជា​មេ​គណបក្សប្រឆាំង​ មានឱកាស​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ទៅ​វិញ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញ​ថា​ បន្ទាប់​ពី​មាន​ចំណារ​ចុះ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ក្នុង​ន័យ​ចាត់វិធានការ​បង្ការ​ទុក​មុន​ក្នុង​ការ​ទប់ស្កាត់​លោក​ សម​ រ​ង្ស៊ី​ កុំ​ឲ្យ​វិល​មក​កម្ពុជា​វិញ​ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បានដឹង​ជា​មុន​នោះ​ កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​សន្តិសុខ​មួយ​ ព្រមទាំង​មាន​លើក​វិធានការ​មួយ​ចំនួន​ជម្រាប​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ តាម​ស្មារតី​លិខិត​លេខ​១៥១​របក​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ៖

១-​គ្រប់​ក្រុមហ៊ុន​អាកាស​ចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ ឡើង​យន្តហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​បុគ្គល​នេះ​(​លោក​ សម​ រ​ង្ស៊ី​)​ ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា​ ។​

២-​ក្នុង​ករណី​ដែល​បុគ្គល​ សម​ រ​ង្ស៊ី​ ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​តាម​រយៈ​យន្តហោះ​ណាមួយ​ យន្តហោះ​នោះ​នឹង​ត្រូវ​បង្វែរ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​អាកាសយានដ្ឋាន​ដើម​វិញ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ចុះ​ចត​នៅ​កម្ពុជា​ឡើយ​ ។​

៣-​ក្នុង​ករណី​យន្តហោះ​ដឹក​បុគ្គល​ សម​ រ​ង្ស៊ី​ ចុះ​ចត​ដល់​អាកាសយានដ្ឋាន​ណាមួយ​នៅ​កម្ពុជា​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្តហោះ​ឡើយ​ នឹង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​ ។​

៤-​ក្នុង​ករណី​ដែល​បុគ្គល​នេះ​ (​លោក​ សម​ រ​ង្ស៊ី​)​ បាន​ចាកចេញ​ផុត​ពី​យន្តហោះ​ នគរបាល​អន្តោប្រវេសន៍​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​ក្នុង​កម្ពុជា​បាន​ និង​ចាត់វិធានការ​ផ្សេង​ទៀត​តាម​ការ​ចាំបាច់​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ និង​ស្រទាប់​បញ្ញវន្ត​មួយ​ចំនួន​ បាន​សម្តែង​នូវ​ការ​អស់សំណើច​ផង​ និង​ហួសចិត្ត​ផង​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា​ ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រមទាំង​បាន​បញ្ចេញ​ទស្សនៈ​ថា​ ថ្វី​ដ្បិត​លោក​ សម​ រ​ង្ស៊ី​ បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ និង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ចេញ​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ យក​ទៅ​អនុវត្តន៍​ទោស​នៅ​ពន្ធនាគារ​ក៏​ដោយ​ ហើយ​ក្នុង​ករណី​លោក​ សម​ រ​ង្ស៊ី​ មិន​ញ៉ម​នឹង​ការ​ចាប់ខ្លួន​ ព្រមទាំង​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ គឺ​លោក​ សម​ រ​ង្ស៊ី​ ប្រាកដ​ណាស់​ មាន​សិទ្ធិ​វិល​ត្រឡប់​ពី​បរទេស​មក​កាន់​មាតុភូមិ​វិញ​ ដើម្បី​ឲ្យ​ងាយស្រួល​ដល់​អាជ្ញាធរ​ធ្វើការ​ចាប់ខ្លួន​រូប​លោក​ ចុះ​ហេតុ​អ្វី​បានជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​អំណាច​ទាំងមូល​ បែរជា​ខ្លាច​មិន​ហ៊ាន​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ហើយ​ចាត់វិធានការ​មិន​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ មានឱកាស​វិល​ចូល​មាតុប្រទេស​ទៅ​វិញ​ ?​ ឬ​ជា​ហេតុផល​ពិតប្រាកដ​មួយ​ចង់​បង្ហាញ​ថា​ បុរស​ខ្លាំង​ "​ខ្លាច​"​ ប្រជាប្រិយភាព​របស់​លោក​ សម​ រ​ង្ស៊ី​ មេ​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ដើម្បី​ត្រៀម​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ ?

​គួរ​បញ្ជាក់​ជូន​ថា​ នៅ​ក្នុង​សំណុំរឿង​ក្តីក្តាំ​ជាមួយ​ឯកឧត្តម​ ហោ​ ណាំ​ហុង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ គឺ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ដោយ​ស្ថាប័ន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​៨៩​ "​ច​"​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១១​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ។​ ក្រោយមក​ ស្ថាប័ន​តុលាការ​ក៏​បាន​ចេញ​ដីកា​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បង្គាប់​ឲ្យ​កម្លាំង​សាធារណៈ​ស្វែងរក​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ ខណៈ​លោក​ សម​ រ​ង្ស៊ី​ បាន​និរទេស​ខ្លួន​រស់នៅ​ឯ​បរទេស​រហូត​ទល់​សព្វថ្ងៃ​ និង​ត្រូវ​បាន​រដ្ឋសភា​ដកហូត​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​ (​អ្នកតំណាង​រាស្ត្រ​)​មណ្ឌល​ខេត្តកំពង់ចាម​ផង​ដែរ​ តាម​សេចក្តី​ប្រកាស​លេខ​៦៧៧​ រ​.​ស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.