យុវតីជាសិស្សសាលាចំនួន៣នាក់ មានទីលំនៅភូមិកោះកុក"ក" ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាត់ខ្លួនអស់ចំនួន០៣ថ្ងៃមកហើយ នៅតែមិនទាន់រកឃើញនៅឡើយ បន្ទាប់ពីក្រុមនាងចាកចេញពីផ្ទះទៅរៀនគួភាសាអង់គ្លេស កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ខណៈសមត្ថកិច្ចសហការជាមួយអាណាព្យាបាលក្រុមគ្រួសារយុវតីបាត់ខ្លួន បាននិងកំពុងស្វែងរកយ៉ាងយកចិត្តទុកដាក់ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានទទួលពាក្យបណ្តឹងពីអាណាព្យាបាលយុវតីជាសិស្សសាលាចំនួន៣នាក់ ដែលបានប្តឹងពីការបាត់ខ្លួនកូនស្រីក្នុងពេលក្រុមនាងជិះទោចក្រយាន(កង់)ចេញពីផ្ទះទៅរៀនគួ ហើយមិនឃើញត្រឡប់មកផ្ទះវិញ ។ យុវតីដែលបាត់ខ្លួនទាំង៣នាក់នោះ រួមមាន ៖ ១-ឈ្មោះ ខូយ គឹមឡាង អាយុ១៦ឆ្នាំ, ២-ឈ្មោះ ផុន ភក្ត្រា អាយុ១៤ឆ្នាំ និង៣-ឈ្មោះ សេន សូនីតា អាយុ១៣ឆ្នាំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងដែរថា យុវតីទាំង៣នាក់ដែលបាត់ខ្លួននោះ គឹនៅថ្ងៃកើតហេតុបាននាំគ្នាឡើងជិះទោចក្រយានយន្ត(ម៉ូតូ)ជាមួយមិត្តភក្តិប្រុសចំនួន២នាក់ ក្នុងនោះមានម៉ូតូម៉ាក Scoopy មួយគ្រឿង និងម៉ាក Honda Dream C125 មួយគ្រឿងទៀត ចេញពីកន្លែងរៀនគួ ដោយបន្សល់ទុកកង់របស់នាងនៅទីនោះ ។
ពាក់ព័ន្ធនឹងការបាត់ខ្លួនយុវតីជាសិស្សសាលាទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមថា ក្រុមនាងអាចចាញ់ឧបាយកលមិត្តប្រុសល្បួងលួងលោមអូសទាញនាំនាងដើរលេង ដោយទៅទីកន្លែងឆ្ងាយមិនទាន់ហ៊ានត្រឡប់វិលមកផ្ទះវិញ ៕