ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

ឯកឧត្តម​ យ៉េ​ត​ ចរិយា​ គឺជា​ព្រះរាជអាជ្ញា​ម្នាក់​ដែល​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ?

​អតីត​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​ គឺ​លោក​ យ៉េ​ត​ ចរិយា​ ទទួល​បានការ​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/១២៦​ ចុះ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០០៩​ (​ចូល​កាន់​តំណែង​បាន​រយៈពេល​ប្រមាណ​ជាង​៧​ឆ្នាំ​ហើយ​)​ ។​

​មុន​ពេល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ លោក​ យ៉េ​ត​ ចរិយា​ ក៏​ធ្លាប់​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣២​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​

​ក្រោយ​ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​រយៈពេល​ប្រមាណ​ជិត​០៦​ខែ​ លោក​ យ៉េ​ត​ ចរិយា​ ទទួល​បានការ​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៦៧៤​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០០៩​ ។​

​តម​ក​ទៀត​ លោក​ យ៉េ​ត​ ចរិយា​ ពេល​កំពុង​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រោម​រូបភាព​ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​បញ្ជាក់​ផង​ដែរ​នូវ​ងារ​ថា​ "​ ឯកឧត្តម​ យ៉េ​ត​ ចរិយា​ "​ ។​

​យោង​តាម​មាត្រា​៩​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៤១០/០០៤​ ចុះ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១០​ បាន​បញ្ញត្តិ​ថា​ សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ឋានៈ​ស្មើ​ រដ្ឋមន្ត្រី​ ។​

​លើស​ពី​នេះ​ មាត្រា​៦​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចែង​ថា​ សមាជិក​នីមួយៗ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវជា​ឥស្សរជន​មាន​សីលធម៌​ល្អ​ និង​មានកេរ្តិ៍ឈ្មោះ​ស្អាតស្អំ​ និង​មាត្រា​១០​នៃ​ច្បាប់​ដដែល​នេះ​ដែរ​ បាន​ចែង​អំពី​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​សមាសភាព​សរុប​ចំនួន​១១​នាក់​នោះ​ គឺ​ ៖​ -​កសាង​យុទ្ធសាស្ត្រ​ និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​,​ -​ពិគ្រោះ​យោបល់​ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​,​ -​ឃ្លាំមើល​ដំណើរការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​…​។​ល​។​

​ដូច្នេះ​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៦៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​បាន​តែងតាំង​លោក​ យ៉េ​ត​ ចរិយា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក្រោម​រូបភាព​ជ្រើសតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នោះ​ គឺ​ស្មើនឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ ឬ​ចង់​សំដៅ​ថា​ ឯកឧត្តម​ យ៉េ​ត​ ចរិយា​ ជា​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​ ដែល​មាន​បាតដៃ​ស្អាតស្អំ​ មិន​ពុក​រលួយ​ ទើប​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ?

​ឯកឧត្តម​ យ៉េ​ត​ ចរិយា​ អាយុ​៦០​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៨០​ ។​ ឯកឧត្តម​ យ៉េ​ត​ ចរិយា​ ក៏​មានកូន​បង្កើត​ឋិត​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​ដែរ​ តួយ៉ាង​ លោកស្រី​ យ៉េ​ត​ ម៉ូ​លី​ន​ ជា​ចៅក្រម​សាលាឧទ្ធរណ៍​ ព្រមទាំង​មានកូន​ប្រសា​ប្រុស​ម្នាក់​ឋិត​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ គឺ​លោក​ ហុ​ក​ វ៉ា​ន់​ធី​ណា​ ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ និង​កូនប្រសា​ប្រុស​ម្នាក់​ទៀត​ជា​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ គឺ​ឯកឧត្តម​ កើត​ រិ​ទ្ធ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ៕​

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.