កាលពីព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនឈ្មួញឈើជនជាតិយួនដុះស្លែដ៏ល្បីប្រចាំខេត្តស្ទឹងត្រែងឈ្មោះ "យាយព្រឿង" និងមានឈ្មោះជាខ្មែរថា "ហេង សំនៀង" ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បើកការស៊ើបសួរចំនួន៣បទល្មើស គឺ ៖ ១-បទប្រមូលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត, ២-បទប៉ុនប៉ងលួច និង៣-បទប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៦រួចមក ។
ប្រភពព័ត៌មានពីខេត្តស្ទឹងត្រែង បានរាយការណ៍ឲ្យដឹងថា ការណ៍ដែលឈ្មួញឈើជនជាតិយួនឈ្មោះ "យាយព្រឿង" អាចរកស៊ីប្រមូលផល អនុផលព្រៃឈើនៅខេត្តស្ទឹងត្រែងរយៈពេលដុះស្លែ យកទៅលក់នៅស្រុកួយនបានយ៉ាងរលូននោះ គឺដោយសារមន្ត្រីរាជការពាក់ព័ន្ធគ្រប់ថ្នាក់ គ្រប់ផ្នែកសឹង៩០% សុទ្ធតែទទួលលុយកាក់ ឬពាក្យសាមញ្ញហៅថា "ស៊ីលុយ" របស់ "យាយព្រឿង" អស់ទៅហើយ បូករួមទាំងបណ្តាញសារព័ត៌មានជាច្រើនប្រចាំនៅខេត្តស្ទឹងត្រែងទៀតផង ។
មន្ត្រីរាជការបម្រើការងារនៅក្រសួងយុត្តិធម៌ម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ដោយឥទ្ធិពលរបស់ "យាយព្រឿង" បានគ្របដណ្តប់ទៅលើមន្ត្រីរាជការនៅខេត្តស្ទឹងត្រែងក្នុងចំនួនលើសលប់ដូច្នេះហើយៗក៏អាចធ្វើឲ្យស្ថាប័នតុលាការខេត្តស្ទឹងត្រែងពិបាក "ចាត់ការ" តាមនីតិវិធីច្បាប់ ទើបសំណុំរឿងក្តីនេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចឲ្យមានការផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ដល់ដំណាក់កាលនេះ អ្នកដែលធ្លាប់ "ស៊ីលុយ" ឈ្មួញឈើដុះស្លែជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងឈ្មោះ "យាយព្រឿង" ទំនងជាគ្មាននរណាម្នាក់ថ្លើមធំពាសមេឃហ៊ាន "អើតងើត" មកជួយ "យាយព្រឿង" បានដូចនៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្ទឹងត្រែងឡើយ ។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយស្ថាប័នតុលាការខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវរកឃើញគំនរឈើប្រណីតចំនួន០៦រថយន្តសាំយ៉ុង និង០៦រថយន្តបែន ដែលគេលួចលាក់ទុកនៅក្នុងចម្ការមួយកន្លែង ឋិតនៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើដ៏ច្រើននោះត្រូវបានសមត្ថកិច្ចប្រមូលដឹកយកមករក្សាទុកជាវត្ថុតាងបទល្មើសនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។ ស្រាប់តែនៅវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បែរជាលេចចេញវត្តមានឈ្មួញឈើឈ្មោះ "យាយព្រឿង" រួមជាមួយកម្លាំងកម្មករ៧នាក់ និងរថយន្ត២គ្រឿង ធ្វើសកម្មភាពរំដោះយកឈើជាវត្ថុតាង និងឡោមព័ទ្ធកងកម្លាំងយាមកាមឈើទៀតផង ទើបត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មួញឈើដុះស្លែ និងថ្លើមធំនេះក្នុងបទល្មីសជាក់ស្តែងតែម្តង ៕