ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

បក្ស​ប្រឆាំង​និង​អ្នកគាំទ្រ​បរាជ័យ​ និង​ខកចិត្ត​ផ្ទួនៗ​ រឿង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ បែរជា​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បុរស​ខ្លាំង​

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ និង​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​៥៥​អាសនៈ​ មានការ​ខកចិត្ត​ទៅ​នឹង​ព្រះរាជ​តម្រិះ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ចំនួន​២​លើក​ជាប់ៗ​គ្នា​ ដើម្បី​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នកនយោបាយ​ និង​មន្ត្រី​សង្គម​ស៊ី​វិល​ បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គំរាមកំហែង​ និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​ បញ្ឈប់​ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ​ បញ្ឈប់​ការ​ប្រើប្រាស់​អំណាចតុលាការ​រំលោភ​បំពាន​លើ​អំណាចនីតិប្បញ្ញត្តិ​ ជា​ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា​ និង​ឲ្យ​មានការ​លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ​ ហើយ​ដែល​សំណើ​ទាំងនោះ​ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ជូន​ទៅ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ ពិនិត្យ​ទៅ​វិញ​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ញត្តិ​អម​ជាមួយ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​១៧៣​ ១៤៤​នាក់​ ទូល​ថ្វាយ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ ដើម្បី​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នកនយោបាយ​ និង​មន្ត្រី​សង្គម​ស៊ី​វិល​ បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គំរាមកំហែង​ និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​ បញ្ឈប់​ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ​ បញ្ឈប់​ការ​ប្រើប្រាស់​អំណាចតុលាការ​រំលោភ​បំពាន​លើ​អំណាចនីតិប្បញ្ញត្តិ​ ជា​ពិសេស​រំលោភ​លើ​អភ័យឯកសិទ្ធិ​សភា​ ប៉ុន្តែ​ញត្តិ​នោះ​ត្រូវ​បាន​ព្រះមហាក្សត្រ​បញ្ជូន​ទៅ​បុរស​ខ្លាំង​ពិនិត្យ​ តាម​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​នា​ថ្ងៃ​ដដែល​លើ​ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ ដូច​របៀប​ "​គ្រូ​ធ្វើ​កំណែ​លើ​កិច្ចការ​សំ​ណេ​រ​របស់​សិស្ស​"​ ឲ្យ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​វិញ​ ។​ គណៈកម្មការ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ក៏​បាន​ប្រកាស​ថា​ រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ សឹង​ធ្វើ​ឲ្យ​វ័ណ្ឌក​ដល់​ម្ចាស់​សំណើ​ថែម​ទៀត​ ។​

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែង​នូវ​ការ​ខកចិត្ត​ទៅ​នឹង​ព្រះ​តម្រិះ​របស់​ព្រះមហាក្សត្រ​ ដោយ​គិត​ស្មានថា​ ព្រះ​អង្គ​ធ្វើការ​កោះហៅ​ភាគី​គណបក្ស​នយោបាយ​ធំៗ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំង​ពីរ​មក​ប្រជុំ​ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ​ ក្នុង​នាម​ទ្រង់​ជា​និមិត្តរូប​ជាតិ​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ​ ដូច​មាន​ចែង​ក្នុង​មាត្រា​៨​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​ បែរជា​ព្រះ​អង្គ​រុញ​បញ្ជូន​ឲ្យ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ភាគី​វិវាទ​នយោបាយ​នឹង​គ្នា​ពិនិត្យ​ដោះស្រាយ​ ។​

​តម​ក​ទៀត​ កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ​ ដើម្បី​ឲ្យ​មានការ​លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ​ ។​

​មិន​ខុស​ពី​លើក​មុន​ឡើយ​ ព្រះមហាក្សត្រ​មិន​បាន​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​របស់​ទ្រង់​លើ​ការ​លើកលែងទោស​ជូន​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ដូច​មាន​ចែង​ក្នុង​មាត្រា​២៧​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ "​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ ។​ "​ ទេ​ បែរជា​ព្រះ​អង្គ​រុញ​បញ្ជូន​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជូន​បុរស​ខ្លាំង​ពិនិត្យ​ដដែល​ តាម​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ ។​

​យោង​តាម​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​របស់​ព្រះមហាក្សត្រ​ បុរស​ខ្លាំង​ក៏​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​វិញ​នា​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ក្នុង​ន័យ​ច្រានចោល​នូវ​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ដាច់​ណាត់​ ដោយ​បញ្ជាក់​អះអាង​ថា​ ករណី​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ​ និង​ជា​កិច្ចការ​របស់​តុលាការ​ (Sic!)​ ។​

​នេះ​គឺជា​រឿងរ៉ាវ​បរាជ័យ​ និង​ការ​ខកចិត្ត​ផ្ទួនៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកគាំទ្រ​ ពាក់ព័ន្ធ​នឹង​ការ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ ហើយ​អ្វីៗ​បែរជា​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​បុរស​ខ្លាំង​ទាំងអស់​ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.