ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហើបប្រាប់ឲ្យដឹងថា សំណុំរឿងឈ្មួញឈើដុះស្លែជាស្ត្រីជនជាតិយួនប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ "ព្រឿង" និងមានឈ្មោះខ្មែរថា "ហេង សំនៀង" ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួនកាលពីវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ ពាក់ព័ន្ធទៅនឹងការឡោមព័ទ្ធសមត្ថកិច្ចរំដោះយកឈើជាវត្ថុតាងនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សម្រេចអនុញ្ញាតឲ្យមានការផ្ទេរសមត្ថកិច្ចមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសសាលាដំបូងខេត្តស្ទឹងត្រែងវិញហើយៗទាំងសំណុំរឿង ទាំងខ្លួន "យាយព្រឿង" បានបញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះតែម្តង ។
មន្ត្រីក្រសួងយុត្តិធម៌ម្នាក់បានបង្ហើបប្រាប់ឲ្យលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ការណ៍ដែលក្រសួងយុត្តិធម៌សម្រេចឲ្យមានការផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿង "យាយព្រឿង" ជាឈ្មួញឈើដ៏ល្បីនេះពីសាលាដំបូងខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញវិញ គឺដោយសារឈ្មួញឈើឈ្មោះ "យាយព្រឿង" បានចំណាយលុយកាក់ និងមានឥទ្ធិពលទៅលើមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ និងគ្រប់ផ្នែកនៅខេត្តស្ទឹងត្រែងសឹងជាង៩០ភាគរយទៅហើយ ជាហេតុធ្វើឲ្យតុលាការខេត្តស្ទឹងត្រែងអាចពិបាកចាត់ការក្នុងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ពីព្រោះសូម្បីការចាប់ឃាត់ខ្លួន "យាយព្រឿង" បានយកមកចាត់ការបច្ចុប្បន្ន ក៏ដោយសារកម្លាំងស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែរ តែបើប្រើប្រាស់កម្លាំងសមត្ថកិច្ចមូលដ្ឋាននៅខេត្តស្ទឹងត្រែង ប្រាកដជាមិនអាចចាត់ការ "យាយព្រឿង" បានឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកឃ្លាំមើលបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា បានលើកឡើងថា កំហុសឆ្គងនៃការប្រព្រឹត្តរបស់ "យាយព្រឿង" យ៉ាងហោចណាស់អាចប្រឈមនឹងការចោទប្រកាន់ចំនួន២បទល្មើស គឺ ៖ ១-ប្រមូលផល អនុផលព្រៃឈើខុសច្បាប់ និង២-បទលុបបំបាត់វត្ថុតាង…។ល។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយស្ថាប័នតុលាការខេត្តស្ទឹងត្រែង បានចុះស្រាវជ្រាវរកឃើញគំនរឈើប្រណីតចំនួន០៦រថយន្តសាំយ៉ុង និង០៦រថយន្តបែន ដែលគេលួចលាក់ទុកនៅក្នុងចម្ការមួយកន្លែង ឋិតនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយឈើដ៏ច្រើននោះត្រូវបានសមត្ថកិច្ចប្រមូលដឹកយកមករក្សាទុកជាវត្ថុតាងបទល្មើសនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។ ស្រាប់តែនៅវេលាព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បែរជាលេចចេញវត្តមានឈ្មួញឈើឈ្មោះ "យាយព្រឿង" រួមជាមួយកម្លាំងកម្មករ៧នាក់ និងរថយន្ត២គ្រឿង ធ្វើសកម្មភាពរំដោះយកឈើជាវត្ថុតាង និងឡោមព័ទ្ធកងកម្លាំងយាមកាមឈើទៀតផង ទើបត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មួញឈើដុះស្លែ និងថ្លើមធំនេះក្នុងបទល្មីសជាក់ស្តែងតែម្តង ៕