កំណាត់ផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែងប្រមាណជាង២០០ម៉ែត្រ ឋិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវលេខ២០០៤ ដែលមានឈ្មោះថា "ផ្លូវ ឌួង ងៀប" បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពោរពេញដោយជង្ហុកធំៗ ជ្រៅៗ សឹងក្លាយជាបឹង ឬជាស្រះទឹកនៅរដូវវស្សា គួរឲ្យអនិច្ចាបំផុត ។
ប្រជាពលរដ្ឋរស់នៅក្បែរផ្លូវ ឌួង ងៀប ដែលតែងធ្វើដំណើរឆ្លងកាត់ផ្លូវនេះជាប្រចាំនោះ បានត្អូញត្អែរអំពីការលំបាកក្នុងការធ្វើដំណើរតាមកំណាត់ផ្លូវពោរពេញដោយជង្ហុកធំៗ និងជ្រៅៗសឹងលិចម៉ូតូ កង់ នៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ។
ក្រុមប្រជាពលរដ្ឋបាននិយាយរៀបរាប់ឲ្យដឹងទៀតថា ផ្លូវ ឌួង ងៀប នេះរងការខូចខាតជាង១ឆ្នាំមកហើយៗពេលកាលនៅខូចខាតតិចតួច មិនព្រមជួសជុល បែរជាបណ្តែតបណ្តោយឲ្យក្លាយជាជង្ហុកធំៗ ជ្រៅៗ មានរូបភាពខូចខាតទ្រង់ទ្រាយធំដូច្នេះតែម្តង ។
មន្ត្រីរាជការចូលនិវត្តន៍ម្នាក់បានលាន់មាត់ថា អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងជាពិសេសលោកឧត្តមសេនីយ៍ ឧកញ៉ា ឌួង ងៀប មិនគួរមើលរំលងទុកឲ្យ "ផ្លូវ ឌួង ងៀប" ធ្លាក់ដល់ស្ថានភាពខូចខាតបែបនេះឡើយ ហើយអ្វីៗទំនងជាកើតឡើងមកពីការមើលបំណាំគ្នាក្នុងរង្វង់អាជ្ញាធរ និងលោកឧត្តមសេនីយ៍ ឧកញ៉ា ឌួង ងៀប ។
ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាឈ្មោះ "ផ្លូវ ឌួង ងៀប" ឲ្យដក់នៅក្នុងអារម្មណ៍ល្អរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវជាសាធារណៈ គប្បីលោកឧត្តមសេនីយ៍ ឧកញ៉ា ឌួង ងៀប សហការជាមួយអាជ្ញាធរពាក់ព័ន្ធធ្វើការជួសជុលផ្លូវនេះឲ្យល្អ ងាយស្រួលចរាចរណ៍ធ្វើដំណើរឡើងវិញផង ។
លោក ឌួង ងៀប ជាឈ្មួញរកស៊ីល្បីឈ្មោះមួយរូប ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៨/៥៥៧ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ។ ក្រៅពីជាអ្នកជំនួញមានក្រុមហ៊ុនគ្រប់គ្រងកាន់កាប់ផ្ទាល់ខ្លួននោះ លោកឧកញ៉ា ឌួង ងៀប ក៏ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ០៥៥៣ផងដែរ ។
លោកឧត្តមសេនីយ៍ ឧកញ៉ា ឌួង ងៀប ទទួលបានការតែងតាំងមុខតំណែងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៩០៦អនក្រ.តត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ និងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៤/៧៥៦ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ៕