ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ខែល​ការពារ​មី​ស៊ី​ល​ឆ្លាត​វៃ​ Aegis​ អា​មេ​រិ​ក​ ទៅ​ដល់​អឺរ៉ុប​ ត្រៀម​ទប់ទល់​នឹង​មី​ស៊ី​ល​វាយលុក​ Iskander​ របស់​រុ​ស្ស៊ី​

​ស្រប​ពេល​ដែល​មហាអំណាច​រុ​ស្ស៊ី​ដាក់​ពង្រាយ​មី​ស៊ី​ល​វាយលុក​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ធុន​ Iskander​ នៅ​ទីក្រុង​ Kaliningrad​ ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៊ី​ មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ជា​សមាជិក​អង្គការ​ NATO​ សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​នោះ​ ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​ ក៏​ត្រូវ​បាន​បំពាក់​នៅ​អឺរ៉ុប​ដែរ​ ដើម្បី​ត្រៀម​ទប់ទល់​នឹង​មី​ស៊ី​ល​វាយលុក​ដ៏​គ្រោះថ្នាក់​របស់​រុ​ស្ស៊ី​ភ្លាមៗ​ ។​

​តាម​ការ​ផ្សព្វផ្សាយ​របស់​ BBC​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​រ៉ូ​ម៉ា​នី​ដែល​ជា​សមាជិក​អង្គការ​ NATO​ ត្រូវ​បាន​បំពាក់​ខែល​ការពារ​មី​ស៊ី​ល​ធុន​ SM-3​ ដោយ​សហរដ្ឋអាមេរិក​រួច​ហើយ​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​ប្រមាណ​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ដោយឡែក​ ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ដ៏​ឆ្លាត​វៃ​ធុន​ Aegis​ របស់​អា​មេ​រិ​ក​ នឹង​ត្រូវ​ដាក់​ដំឡើង​ឲ្យ​ដំណើរការ​ក្នុង​ប្រទេស​ប៉ូ​ឡូញ​ ជា​សមាជិក​អង្គការ​ NATO​ នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ ដើម្បី​ត្រៀម​ទប់ទល់​ទៅ​នឹង​មី​ស៊ី​ល​វាយលុក​ធុន​ Iskander​ របស់​រុ​ស្ស៊ី​ ។​

​ខែល​ការពារ​មី​ស៊ី​ល​ SM-3​ ជា​ផ្នែក​មួយ​នៃ​មី​ស៊ី​ល​ឆ្លាត​វៃ​ធុន​ Aegis​ របស់​សហរដ្ឋអាមេរិក​ អាច​បាញ់​បាន​រយៈ​ចម្ងាយ​រង្វង់​ពី​៧០០​គីឡូម៉ែត្រ​ (​ប្រភេទ​ Block​ IA/B)​ រហូត​ដល់​២​ ៥០០​គីឡូម៉ែត្រ​(​ប្រភេទ​ Block​ IIA)​ ក្នុង​ល្បឿន​ប្រមាណ​ពី​៣​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ (​ប្រភេទ​ Block​ IA/B)​ រហូត​ដល់​ ៤,៥​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ (​ប្រភេទ​ Block​ IIA)​ ។​

​រីឯ​មី​ស៊ី​ល​វាយលុក​ធុន​ Iskander​ របស់​រុ​ស្ស៊ី​ដែល​អង្គការ​ NATO​ ហៅ​ថា​ SS-26​ Stone​ អាច​បាញ់​បាន​រយៈ​ចម្ងាយ​រង្វង់​ប្រតិបត្តិការ​ពី​ ៥០០​គីឡូម៉ែត្រ​ ទៅ​៧០០​គីឡូម៉ែត្រ​ ក្នុង​ល្បឿន​ប្រមាណ​ជាង​ ២​គីឡូម៉ែត្រ​ក្នុង​១​វិនាទី​ ៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.