ព្រះសង្ឃ និងសិស្ស-និស្សិតចំនួនជិត១០០អង្គ-នាក់ ដែលគង់ និងស្នាក់នៅកុដិចំនួន៥ គឺកុដិលេខ១៨, លេខ៣២, លេខ៣៣, លេខ៣៤ និងលេខ៣៦ ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះចៅអធិការវត្ត ត្រូវប្រឈមនឹងការបណ្តេញចេញ ដោយសារបណ្តាកុដិទាំង៥នោះត្រូវរុះរើ ក្រោមហេតុផលថា យកទីតាំងសម្រាប់សាងសង់សាលាធម្មសភា (សាលាឆាន់) តាមសេចក្តីជូនដំណឹងលេខ២៩/១៦ម.ស.រ.សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ និងសេចក្តីជូនដំណឹងលេខ០១៧៨/១៦ វ.ឧ.ល ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខណៈព្រះសង្ឃ និងសិស្ស-និស្សិតទាំងនោះមិនយល់ព្រមឲ្យមានការរុះរើបណ្តាកុដិទាំង៥ឡើយ ហើយចោទប្រកាន់ថា អំពើរបស់គណៈសង្ឃវត្តឧណ្ណាលោមបែបនេះ ជាអំពើផ្តាច់ការ ប្រដូចទៅនឹងរបបប៉ុល ពត ។
កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ព្រះសង្ឃ និងសិស្ស-និស្សិត ដែលគង់ និងស្នាក់នៅកុដិទាំង៥ក្នុងវត្តឧណ្ណាលោម ចំនួន៩៧អង្គ-នាក់ បានធ្វើលិខិតសុំអន្តរាគមន៍មួយច្បាប់ ចម្រើនពរ និងគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំការជួយអន្តរាគមន៍មិនឲ្យមានការរុះរើកុដិទាំង៥ ដោយសំអាងលើហេតុផលថា ដីសាលាឆាន់ចាស់ និងដីទីបច្ឆា មានបណ្តោយប្រវែង៥១ម៉ែត្រ និងទទឹង៣១ម៉ែត្រ គឺគ្រប់គ្រាន់សម្រាប់សាងសង់សាលាធម្មសភាហើយ ប៉ុន្តែបែរជាគណៈសង្ឃវត្តឧណ្ណាលោមមានចេតនាមិនល្អ ចង់រុះរើកុដិទាំង៥នោះទៅវិញ នាំឲ្យកើតមានកំហុសឆ្គងធ្ងន់ធ្ងរ ។
មិនទាន់បានដឹងអំពីលទ្ធផលនៃកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែបណានៅឡើយទេ ប៉ុន្តែកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ព្រះវិន័យធរ សំ ចាន់ ជួសមុខឲ្យសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បានចម្រើនពរស្នើសុំកងកម្លាំង៣ប្រភេទ (នគរបាល ចំនួន១០នាក់, អាវុធហត្ថ ចំនួន១០នាក់ និងប្រជាការពារ ចំនួន១០នាក់) និងមធ្យោបាយដឹកជញ្ជូនចំនួន២គ្រឿង ពីលោកអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីសហការចុះរុះរើកុដិទាំង៥ ចាប់ពីថ្ងៃទី០៤ ខែតុលា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ។
មជ្ឈដ្ឋានពុទ្ធបរិស័ទដែលប្រតិបត្តិតាមព្រះពុទ្ធសាសនា បានបញ្ចេញទស្សនៈថា គណៈសង្ឃវត្តឧណ្ណាលោមទាំងមូល ជាពិសេស សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម មេត្តាមានព្រះតម្រិះសាជាថ្មីឡើងវិញអំពីករណីរុះរើបណ្តាកុដិទាំង៥នោះ ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងសាមគ្គីភាពក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ៕