ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

ពិភពលោករងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ

​ក្រោម​សន្ធិសញ្ញា​ស្តី​ពី​ការ​មិន​ធ្វើ​ឲ្យ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ (The​ Treaty​ on​ the​ Non-Proliferation​ of​ Nuclear​ Weapons-NPT)​ ដែល​ចូល​ជា​ធរមាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​១៩៧០​មក​ គឺ​ប្រទេស​មហាអំណាច​ចំនួន​៥​ បាន​ព្រមព្រៀង​គ្នា​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​តទៅ​ទៀត​ទេ​ រួម​មាន​ ៖​ សហរដ្ឋអាមេរិក​,​ រុ​ស្ស៊ី​,​ បារាំង​,​ អង់គ្លេស​ និង​ចិន​ ។​

​បន្ទាប់​ពី​សន្ធិសញ្ញា​ស្តី​ពី​ការ​មិន​ធ្វើ​ឲ្យ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ (NPT)​ ចូល​ជា​ធរមាន​ បែរជា​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ រួម​មាន​ ៖​ ប៉ា​គី​ស្ថាន​,​ ឥណ្ឌា​ និង​កូរ៉េ​ខាងជើង​ ជម្នះ​ការ​ផលិត​ និង​ពិសោធន៍​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​រហូត​បាន​សម្រេច​ទៅ​វិញ​ ។​ លើស​ពី​នេះ​ ប្រទេស​អ៊ី​ស្រា​អែ​ល​ក៏​ឋិត​ក្នុង​មុខសញ្ញា​ទទួលស្គាល់​ថា​ ជា​ប្រទេស​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​រួច​ហើយ​ដែរ​ ។​

​ដោយឡែក​ បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​ NATO​ ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ដែល​ទទួល​បានការ​ចែករំលែក​នូវ​អាវុធ​នុយក្លេអ៊ែរ​នោះ​ រួម​មាន​ ៖​ អា​ល្លឺ​ម៉​ង់​,​អ៊ី​តា​លី​,​ ទួ​ក​គី​,​ ប៊ែ​ល​ហ្សិ​ក​ និង​ណេ​ត​ថឺ​ឡែ​ន​ ។​ រីឯ​ប្រទេស​ដែល​កំពុង​ដំណើរការ​កម្មវិធី​នុយក្លេអ៊ែរ​ផង​ដែរ​ រួម​មាន​ ៖​ អាហ្វ្រិក​ខាងត្បូង​,​ កា​ហ្សា​ក់​ស្ថាន​,​បេឡា​រូស និងអ៊ុយក្រែន​ ។​

​យោង​តាម​តួលេខ​វាយតម្លៃ​ដោយ​សហព័ន្ធ​វិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​ខាង​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​ បាន​បង្ហាញ​អំពី​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​ និង​កាលបរិច្ឆេទ​នៃ​ការ​ពិសោធន៍​សាកល្បង​ ដូច​ខាងក្រោម​ ៖

១-​សហរដ្ឋអាមេរិក​ ៖​ មាន​ចំនួន​សរុប​ ៦​ ៩៧០​គ្រាប់​ (​សកម្ម​ចំនួន​ ១​ ៧៥០​គ្រាប់​)​ ពិសោធន៍​សាកល្បង​ដំបូង​បាន​សម្រេច​ និង​មាន​ប្រសិទ្ធភាព​ នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​១៩៤៥​ ។​

២-​រុ​ស្ស៊ី​ ៖​ មាន​ចំនួន​សរុប​ ៧​ ៣០០​គ្រាប់​ (​សកម្ម​ចំនួន​ ១​ ៧៩០​គ្រាប់​)​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​១៩៤៩​ ។​

៣-​អង់គ្លេស​ ៖​ មាន​ចំនួន​សរុប​ ២១៥​គ្រាប់​ (​សកម្ម​ចំនួន​ ១៥០​គ្រាប់​)​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​១៩៥២​ ។​

៤-​បារាំង​ ៖​ មាន​ចំនួន​សរុប​ ៣០០​គ្រាប់​ (​សកម្ម​ចំនួន​ ២៩០​គ្រាប់​)​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​១៩៦០​ ។​

៥-​ចិន​ ៖​ មាន​ចំនួន​សរុប​ ២៦០​គ្រាប់​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​១៩៦៤​ ។​

៦-​ឥណ្ឌា​ ៖​ មាន​ចំនួន​សរុប​ ពី​១១០​គ្រាប់​ ទៅ​១២០​គ្រាប់​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​១៩៧៤​ ។​

៧-​ប៉ា​គី​ស្ថាន​ ៖​ មាន​ចំនួន​សរុប​ ពី​១២០​គ្រាប់​ ទៅ​១៣០​គ្រាប់​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​១៩៩៨​ ។​

៨-​កូរ៉េ​ខាងជើង​ ៖​ មាន​ចំនួន​សរុប​ តិច​ជាង​១០​គ្រាប់​ ពិសោធន៍​សាកល្បង​ដំបូង​ នៅ​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០០៦​ ។​

​តាម​ការ​ផ្សព្វផ្សាយ​របស់​ Bulletin​ of​ the​ Atomic​ Scientists​ ឆ្នាំ​២០១៤​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ អាវុធ​នុយក្លេអ៊ែរ​នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន​ជាង​ ១០​ ០០០​គ្រាប់​ ។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ Ashton​ Carter​ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ បាន​ប្រកាស​ឲ្យ​ដឹង​រួច​ហើយ​ថា​ បច្ចុប្បន្ន​ សហរដ្ឋអាមេរិក​មិន​ត្រឹម​មិន​កាត់​បន្ថយ​នោះ​ទេ​ គឺ​ត្រូវ​តែ​ធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​ថ្មី​បន្ថែម​ទៀត​នូវ​អាវុធ​នុយក្លេអ៊ែរ​ ខណៈ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​បាន​និង​កំពុង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​គគ្រឹកគគ្រេង​នោះ​ ។​

​ដូច្នេះ​ កម្រិត​នៃ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ស្នាដៃ​របស់​បណ្តា​ប្រទេស​ជា​ច្រើន​ បាន​និង​កំពុង​គំរាមកំហែង​ពិភពលោក​យើង​នេះ​ ឈាន​ដល់​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ហើយៗ​សង្គ្រាមលោក​លើក​ទី​៣​ នឹង​ជៀស​មិន​ផុត​ឡើយ​នៅ​ពេល​អនាគត​ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.