កម្លាំងទ័ពអាកាសឥណ្ឌូនេស៊ី ដោយប្រើប្រាស់យន្តហោះចម្បាំងជាច្រើនគ្រឿង បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួនក្នុងសប្តាហ៍នេះ តាមបណ្តាកោះមួយចំនួននៅតំបន់ដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះជាមួយប្រទេសចិន ដើម្បីបង្ហាញអំពីអធិបតេយ្យភាពរបស់ខ្លួនលើតំបន់សម្បូរធនធានប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងច្រកជំនួញនាវាសមុទ្រ ជិតទឹកដីកាន់កាប់ដោយមហាអំណាចចិន ។
ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៦មក លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានបើកយុទ្ធនាការក្តៅគគុកមិនធ្លាប់មាន បង្កើនការនេសាទសមុទ្រ រុករកប្រេង-ឧស្ម័ន និងបង្កើតមូលដ្ឋានការពារទឹកដីនៅជុំវិញកោះ NATUNA ក្រោយកើតមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងកងទ័ពជើងទឹកឥណ្ឌូនេស៊ី និងទូកនេសាទចិនជាច្រើនគ្រឿង ។
លោក Jemi Trisonjaya អ្នកនាំពាក្យកងទ័ពជើងអាកាសឥណ្ឌូនេស៊ីដែលដកស្រង់សម្តីដោយភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសជាង ២ ០០០នាក់ ដោយប្រើប្រាស់យន្តហោះចម្បាំងធុន F-16 fighter ផលិតនៅសហរដ្ឋអាមេរិក និងធុន Sukhoi (Su) ផលិតនៅប្រទេសរុស្ស៊ីច្រើនគ្រឿង ចូលរួមសមយុទ្ធយោធារយៈពេល២សប្តាហ៍ ដើម្បីបង្ហាញថា ឥណ្ឌូនេស៊ីមានកម្លាំងទ័ពអាកាសគ្រប់គ្រាន់សម្រាប់ការពារទឹកដីនៅតំបន់ទាំងនោះ ។
ក្រៅពីបណ្តាប្រទេសសមាជិក Asean ចំនួន៤ផ្សេងទៀត រួមមាន ៖ ហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី និងព្រុយណេ គឺប្រទេសឥណ្ឌូនេស៊ីដែលជាសមាជិក Asean ដែរនោះ ក៏កំពុងមានជម្លោះបូរណភាពទឹកដីជាមួយប្រទេសចិននៅតំបន់ដែនសមុទ្រចិនខាងត្បូង ដែលមានចំណូលពាណិជ្ជកម្មនាវាចរណ៍ច្រកសមុទ្រប្រមាណ ៥ ០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ខណៈមហាអំណាចចិនបានប្រកាសសិទ្ធិកាន់កាប់មានជម្លោះស្ទើរតែទាំងស្រុងទៅហើយ ៕