ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២

បុរសខ្លាំងចាប់ផ្តើមរិះគន់ទៅលើ “ទីប្រឹក្សា” ដែលផ្តល់យោបល់មិនទាន់សភាពការណ៍

​ទំនង​ហាក់ដូច​ទើប​ភ្ញាក់​ដឹងខ្លួន​ ឬ​អាច​ "​និយាយ​យ​កបុង​"​ កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​ នៅ​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​ធ្វើការ​រិះគន់​ទៅ​លើ​ "​ទីប្រឹក្សា​"​ មួយ​ចំនួន​ដែល​ផ្តល់​យោបល់​មិន​ទាន់សភាពការណ៍​ ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ "​សភាពការណ៍​ដើរ​ដល់​សតវត្សរ៍​ទី​២១​ទៅ​ហើយ​ បែរជា​ទីប្រឹក្សា​ និង​អ្នក​ផ្តល់​យោបល់​ទាំងនោះ​ផ្តល់​យោបល់​ឲ្យ​ធ្វើ​តាម​សភាពការណ៍​ដែល​ឋិត​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០​ ឬ​ឆ្នាំ​៩០​ទៅ​វិញ​"​ ខណៈ​ការ​ថ្លែង​ដូច្នេះ​របស់​បុរស​ខ្លាំង​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​សម្តែង​នូវ​ការ​ "​ហួសចិត្ត​"​ យ៉ាង​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​បាន​លើក​ឡើង​ថា​ ក្រៅពី​បាន​តែងតាំង​មន្ត្រី​ ឬ​មនុស្ស​ជា​ច្រើន​ដែល​ដង្ហែ​គាំទ្រ​រាជរដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​នៅ​តាម​បណ្តា​ក្រសួង​ ស្ថាប័ន​នានា​នោះ​ គឺ​គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ (​រយៈពេល​មិន​ដល់​៣​ឆ្នាំ​នៃ​ការ​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​)​ មន្ត្រី​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​យ៉ាងតិច​២៤០​នាក់​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ដោយ​ព្រះរាជក្រឹត្យ​ដែល​មាន​ឋានៈ​ស្មើ​ចាប់ពី​អនុរដ្ឋលេខាធិការ​រហូត​ដល់​ទៅ​ឧបនាយករដ្ឋមន្ត្រី​ ខណៈ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​មាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​យ៉ាងតិច​៤២​នាក់​ តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​មាន​ឋានៈ​ស្មើ​ចាប់ពី​រដ្ឋលេខាធិការ​ ដល់​ទៅ​ទេស​រដ្ឋមន្ត្រី​ ។​

​ក្នុង​មួយ​ឆ្នាំៗ​ រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចំណាយ​ទឹក​លុយ​មិន​តិច​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើយ​ សម្រាប់​បើកប្រាក់​បៀវត្សរ៍​ឲ្យ​ទៅ​ក្រុម​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដ៏​ច្រើន​សន្ធឹក​នោះ​ ដែល​ទីប្រឹក្សា​ខ្លះ​កុំ​ថា​ឡើយ​ដើរ​មិន​ទាន់សភាពការណ៍​ គឺ​សូ​ម្បី​តែ​សរសេរ​របាយការណ៍​ ឬ​កំណត់ហេតុ​កិច្ចការ​អ្វីមួយ​ ក៏​មិន​ត្រង់​ជ្រុង​ផង​ ដ្បិត​ទីប្រឹក្សា​មួយ​ចំនួន​សិក្សា​មិន​ដល់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ប្រកបដោយ​គុណភាព​ស្រួលបួល​ផង​ ប៉ុន្តែ​គ្រាន់​មានគុណ​សម្បត្តិ​បម្រើ​ ឬ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ រួច​ហើយ​ទៅ​ប្រព្រឹត្ត​ប្រឡាំប្រកូវ​រៀន​យក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ ឬ​អនុ​បណ្ឌិត​…​បន្ត​ប៉ុណ្ណោះ​ ដើម្បី​ទទួល​បាន​កាំ​ប្រាក់​បន្ថែម​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​បាន​បញ្ចេញ​ទស្សនៈ​ទៀត​ថា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​មួយ​ចំនួន​ ឬ​ភាគច្រើន​មានឈ្មោះ​តែ​ទីប្រឹក្សា​ប៉ុណ្ណោះ​ តែ​សាច់​រឿង​ពិត​មិន​បាន​ផ្តល់​យោបល់​អ្វី​ដល់​រាជរដ្ឋាភិបាល​ទេ​ គឺ​បាន​ត្រឹម​ទទួល​ឋានៈ​ជា​ឯកឧត្តម​ និង​បើក​ប្រាក់ខែ​(​ឬ​អាច​អ្នកខ្លះ​ប្រើ​ស្លាក​អំណាច​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដើម្បី​ស្វែងរក​ប្រយោជន៍​ និង​ការពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​)​ ទុកជា​ការ​តបស្នង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បុរស​ខ្លាំង​ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​ឥតប្រយោជន៍​ទៅ​វិញ​ ។​

​ទីបំផុត​ ព្រោះតែ​អំណាច​របស់​បុរស​ខ្លាំង​ ចំនួន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដ៏​ច្រើន​សំពីងសំពោង​ និង​ចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​សន្ធឹក​ប្រចាំខែ​ គឺ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​រិះគន់​វាយតម្លៃ​ថា​ ជា​រាជរដ្ឋាភិបាល​ដែល​អសមត្ថភាព​ ទើប​តម្រូវ​ឲ្យ​មាន​ទីប្រឹក្សា​គ្មាន​សមត្ថភាព​ និង​គ្មាន​លទ្ធភាព​ផ្តល់​យោបល់​ឲ្យ​ទាន់សភាពការណ៍​បែប​នេះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.