ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺលោកសាស្ត្រាចារ្យបណ្ឌិត ជាង ហុង ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន (មិនទទួលប្រាក់បៀវត្សរ៍) ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៨៧៦អនក្រ.តត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ។
លោក ជាង ហុង ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រដំណាំកសិកម្មនៅឆ្នាំ២០០៤ ពីសាកលវិទ្យាល័យកសិកម្មហាណូយ ប្រទេសវៀតណាម (Hanoi University of Agriculture) ។ លោកបណ្ឌិត ជាង ហុង ក៏ជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្ព័ន្ធក្រុមហ៊ុន ជី អន្តរជាតិផ្កាយ៥ កម្ពុជា ដែលវិនិយោគដោយអ្នកជំនួញវៀតណាមផងដែរ ។
ប្រការគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការតែងតាំងលោកសាស្ត្រាចារ្យបណ្ឌិត ជាង ហុង ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះ គឺនៅត្រង់ថា ៖ ១-មិនបញ្ជាក់អំពីឋានៈក្នុងនាមជាទីប្រឹក្សា និង ២-មិនទទួលយកប្រាក់បៀវត្សរ៍ ដែលប្លែកអំពីការតែងតាំងមនុស្សជាច្រើនទៀត ដោយបញ្ជាក់នូវឋានៈស្មើប្រធាននាយកដ្ឋាន, អគ្គនាយករង, អគ្គនាយក, អនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ..។
អនុលោមតាមការតែងតាំងខាងលើនេះ គឺត្រូវបានគេបែងចែកនូវប្រភេទទីប្រឹក្សា ដូចខាងក្រោម ៖
១-ទីប្រឹក្សាផ្ទាល់
២-ទីប្រឹក្សា "មិនផ្ទាល់ ឬ ធម្មតា"
៣-ទីប្រឹក្សាទទួលបានប្រាក់បៀវត្សរ៍
៤-ទីប្រឹក្សាមិនទទួលប្រាក់បៀវត្សរ៍
៥-ទីប្រឹក្សាមានឋានៈ
៦-ទីប្រឹក្សាគ្មានឋានៈ ៕