ថ្ងៃ សៅរ៏ ទី ១៦ ខែ មករា ឆ្នាំ ២០២១

ព្រះមហាក្សត្រ “បាត់ព្រះតម្រិះ” រឿងវិវាទនយោបាយរបស់គណបក្សធំៗពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា

​ទោះបី​មិន​ទាន់​មានការ​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៅឡើយ​ក្តី​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ (៥៥​អាសនៈ​)​ បាន​ប្រកាស​ឲ្យ​ដឹង​រួច​ហើយ​ថា​ នឹង​រៀបចំ​មហា​បាតុកម្មអហិង្សា​មួយ​នា​ពេល​ខាង​មុខ​ ក្នុង​គោលដៅ​ទាមទារ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ប្រក្រតី​ឡើង​វិញ​ ដើម្បី​ធានា​ឲ្យ​បានការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ និង​ស្មើភាព​ តាម​រយៈ​ដំណោះស្រាយ​នយោបាយ​រួម​ ខណៈ​ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​ និង​មានទ្រព្យ​សម្បត្តិ​មហាសាល​ មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ (៦៨​អាសនៈ​)​ ប្រកាស​តបត​ភ្លាមៗ​វិញ​ថា​ នឹង​ធ្វើការ​ទប់ស្កាត់​ និង​បង្ក្រាប​ទៅ​លើ​ការ​ដឹកនាំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទោះ​ក្នុង​តម្លៃ​ និង​រូបភាព​បែប​ណា​ក៏​ដោយ​ ។​

​មុន​ពេល​ឈាន​ដល់​ការ​ប្រកាស​រៀបចំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ គឺ​កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ដាក់​ញត្តិ​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ​រួច​ម្តង​មក​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជ​សារ​ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ ផ្ញើ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើការ​ពិនិត្យ​ទៅ​វិញ​ ។​

​មិន​ទទួល​បាន​នូវ​លទ្ធផល​នៃ​ដំណោះស្រាយ​នយោបាយ​អ្វី​ទេ​ គឺ​បាន​ត្រឹម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ចំណារ​នា​ថ្ងៃ​ដដែល​នៅ​លើ​ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ របៀប​ "​គ្រូបង្រៀន​ធ្វើ​កំណែ​នៅ​លើ​សំណៅ​សរសេរ​របស់​សិស្ស​"​ និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ តាម​ស្មារតី​លិខិត​លេខ​៥៦៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ប៉ុណ្ណោះ​ (Sic!)​ ។​

​មាត្រា​១​ កថាខណ្ឌ​ទី​១​ និង​មាត្រា​៨​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ប្រទេស​កម្ពុជា​ ជា​ព្រះរាជាណាចក្រ​ដែល​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ​ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ ពហុបក្ស​ ។​ …​ ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​និរន្តរភាព​ជាតិ​ ។​ "​ ថ្វី​ដ្បិត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ញត្តិ​ដូច្នេះ​ក៏​ដោយ​ ក៏​ក្នុង​ស្ថានភាព​ប្រទាំង​ប្រទើស​វិវាទ​នយោបាយ​របស់​គណបក្ស​ធំៗ​ពីរ​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ អូស​បន្លាយពេល​ជា​ច្រើន​ខែ​នា​រយៈពេល​ចុង​ក្រោយ​ ដែល​ជា​សញ្ញាណ​ "​នៃ​ការ​បាត់បង់​ឯកភាព​ជាតិ​"​នេះ​ គឺ​រូបភាព​ជាក់ស្តែង​មិន​ទាន់​ឃើញ​មាន​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​របស់​ព្រះ​អង្គ​ ចូលរួម​ចំណែក​ដោះស្រាយ​ឡើយ​ ពោល​ព្រះមហាក្សត្រ​ "​បាត់​ព្រះ​តម្រិះ​"​ឈឹង​តែ​ម្តង​ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​វាសនា​នៃ​ប្រទេស​ជាតិ​ដ៏​កម្សត់​របស់​ខ្លួន​ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.