ដោយមិនបាច់ប្រឹងដើរស្វែងរកនាំតែសឹកស្បែកជើង ឬបារម្ភថា រឿងរ៉ាវមិនពិតនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនជឿជាក់នោះ គឺកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរាយការណ៍ជាលាយលក្ខណ៍អក្សរគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយថា «…កន្លងមក មានរថយន្តចំនួន៤៧០គ្រឿងដែលមិនបង់ពន្ធនាំចូល ត្រូវបានប្រើប្រាស់ដោយមន្ត្រីក្រសួងមហាផ្ទៃ ហើយបំពាក់ស្លាកលេខនគរបាល…"» ។ លើសពីនេះ របាយការណ៍ និងសំណើរបស់សម្តេចក្រឡាហោម ស ខេង ដែលស្នើសុំលើកលែងពន្ធនាំចូលចំពោះរថយន្តល្មើស(អត់បង់ពន្ធ) ពាក់ស្លាកលេខនគរបាលទាំងនោះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើចំណារចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ មានខ្លឹមសារថា «យល់ព្រម»ទៀតផង (Sic!) ។
ទាំងរបាយការណ៍រៀបរាប់ និងសំណើរបស់សម្តេចក្រឡាហោម ស ខេង ទាំងចំណារយល់ព្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដូចបានលើកឡើងខាងលើ បានធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍ ដូចខាងក្រោម ៖
១-រថយន្តទាំង៤៧០គ្រឿងនោះ ឬច្រើនជាងនេះ មិនអាចហោះ ឬធ្លាក់ពីលើមេឃមកបានទេ គឺត្រូវតែបញ្ជូនមក ឬនាំចូលតាមច្រកនានាដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យជាមុន ជាពិសេសសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំច្រកទ្វារ ។ ដូច្នេះ រថយន្តចំនួន៤៧០គ្រឿងដែលមិនបង់ពន្ធនាំចូល ឬជារថយន្តគេចពន្ធ ជារថយន្តល្មើសច្បាប់ នាំឲ្យខាតបង់ថវិកាជាតិតាមរយៈចំណូលពន្ធគយរាប់លានដុល្លារអាមេរិក អាចធ្លាក់មកដល់ដៃមន្ត្រីក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ប្រើប្រាស់ជាមធ្យោបាយកន្លងមក បានបង្ហាញនូវអំពើពុករលួយ ឬអសមត្ថភាពរបស់ក្រុមមន្ត្រីគយ និងរដ្ឋាករ និងមន្ត្រីពាក់ព័ន្ធប្រចាំច្រកទ្វារយ៉ាងពិតប្រាកដ ដោយឥតប្រកែកបាន ។
២-រថយន្តល្មើសច្បាប់ (គ្មានពន្ធនាំចូល) ទាំង៤៧០គ្រឿង បែរជាកន្លងមកត្រូវបានប្រើប្រាស់ដោយមន្ត្រីក្រសួងមហាផ្ទៃ ជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទៅវិញ ។ ដូច្នេះ មន្ត្រីក្រសួងមហាផ្ទៃដែលប្រើប្រាស់រថយន្តល្មើសច្បាប់ទាំងនោះ ក៏បានចូលរួមសមគំនិតប្រព្រឹត្តបទល្មើសជាមួយមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីពាក់ព័ន្ធឯទៀតប្រចាំច្រកទ្វារព្រំដែនយ៉ាងសកម្មផងដែរ ។
៣-មាត្រា៥ ចំណុចទី៤, មាត្រា៦ ចំណុចទី៤ និងមាត្រា១២ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ បានចែងថា «…ក្រុមទី៤ ៖ ម្ចាស់គ្រប់គ្រងយានយន្តជារបស់ក្រសួងមហាផ្ទៃ ប្រើប្រាស់សម្រាប់ការងារសន្តិសុខ ឬសណ្តាប់ធ្នាប់សង្គម ។ ប្រភេទទី៤ ៖ នគរបាល 01.2-0001 ផ្ទៃពណ៌ស អក្សរ និងលេខពណ៌ក្រហម ។ យានយន្តក្នុងក្រុមទី៤ ដែលមានចែងក្នុងមាត្រា៥ខាងលើ គឺជាយានយន្តដែលប្រើប្រាស់ជាមធ្យោបាយសម្រាប់ការងារការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម ។ យានយន្តប្រភេទនេះ ត្រូវលាបពណ៌ពិសេសដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅជញ្ជាំងទ្វារសងខាង ត្រូវមានរចនារូបសញ្ញារបស់នគរបាលជាតិ និងសរសេរអក្សរនគរបាលជាតិ ជាអក្សរឡាតាំង POLICE ដាក់នៅក្រោមអក្សរខ្មែរ ឬនៅលើតួយានយន្ត ។ ទំហំអក្សរ លេខ និងស្លាក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ » ។ ប៉ុន្តែជាក់ស្តែង នាពេលកន្លងមក រថយន្តប្រភេទទំនើបៗជាច្រើនដែលពាក់ស្លាកលេខនគរបាល មិនបានអនុវត្តតាមមាត្រា១២នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះឡើយ ។ មានន័យថា រថយន្តស៊េរីទំនើបៗដែលពាក់ស្លាកលេខនគរបាល អត់បង់ពន្ធនាំចូលទាំងនោះ ត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនយ៉ាងហ៊ឺហា គ្រាន់តែជ្រកក្រោមរូបភាពពាក់ស្លាកលេខ «នគរបាល» ប៉ុណ្ណោះ ហើយមានពេលខ្លះបានប្រព្រឹត្តបទល្មើសផ្សេងៗទៀតផង ។
៤-ឥឡូវនេះ សូម្បីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បាន «ប្រថាប់ត្រា» ឲ្យរថយន្តល្មើសច្បាប់ទាំងនោះបានក្លាយជារថយន្តស្របច្បាប់ និងត្រូវបានយល់ព្រមដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត ធ្វើឲ្យបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបង្ក្រាបអំពើរត់គេចពន្ធ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ ក្លាយជាគ្មានន័យខ្លឹមសារ ឬក្លាយជា «ក្រដាសអនាម័យ» ។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងលើគោក ឬកណ្តាលវាល បង្ហាញឲ្យឃើញថា អំពើពុករលួយ និងបទល្មើសគេចពន្ធ ឋិតនៅ «ក្រោមក្លៀក» នាយករដ្ឋមន្ត្រីតែម្តង ដែលគ្មានលទ្ធភាពនឹងបង្ក្រាប ឬលុបបំបាត់បានឡើយ ហើយឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនអាច «ក្អក» បានដល់ទីបញ្ចប់ ៕