យោងតាមលិខិតផ្លូវការលេខ២៨៤/១៦ម.ព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ របស់មន្ទីរពេទ្យព្រះកេតុមាលា ដែលបានគោរពជូនលោកឧត្តមសេនីយ៍ឯក ចិន្ត ម៉ារីដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានព័ត៌មានតាមឋានានុក្រម បានបង្ហាញឲ្យដឹងថា មន្ទីរពេទ្យព្រះកេតុមាលានឹងរៀបចំកម្មវិធីវះកាត់ភ្នែកឡើងបាយដោយមនុស្សធម៌ (មិនយកកម្រៃ) ចំនួន៣០០នាក់ ពិនិត្យនិងព្យាបាលជំងឺភ្នែកចំនួន២០០នាក់ សរុបចំនួន៥០០នាក់ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានជំងឺភ្នែកឡើងបាយ និងមានបំណងពិនិត្យ និងព្យាបាលជំងឺភ្នែក ។
លិខិតរបស់មន្ទីរពេទ្យព្រះកេតុមាលាដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត លី សុវណ្ណ ជានាយកមន្ទីរពេទ្យ បានបញ្ជាក់ឲ្យដឹងថា កម្មវិធីវះកាត់ភ្នែកឡើងបាយ និងពិនិត្យព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋកម្ពុជាចំនួន៥០០នាក់នេះ គឺប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០១៦ខាងមុខ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ១៧៥កងទ័ពប្រជាជនវៀតណាម និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ សហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា ។ ដូច្នេះ សូមអញ្ជើញអ្នកដែលមានជំងឺភ្នែកឡើងបាយមកចុះឈ្មោះ និងពិនិត្យភ្នែកនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ៕