គេហទំព័រ I4U បានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញដុំអាចម៍ផ្កាយដ៏ធំមួយទម្ងន់ប្រមាណ៣០តោន នៅទីក្រុង Gancedo ឋិតនៅចម្ងាយ ១ ០៨៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី Buenos Aires នៃប្រទេសអាហ្សង់ទីន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ខណៈប្រវែងវិជ្ជមាត្រ និងកម្ពស់របស់អាចម៍ផ្កាយនេះ មិនទាន់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដែលរុករកឃើញនោះបញ្ជាក់ឲ្យដឹងនៅឡើយ ។
លោក Mario Vesconi ប្រធានសមាគមតារាសាស្ត្រ នៃខេត្ត Chaco បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន ឲ្យដឹងថា អាចម៍ផ្កាយដែលរុករកឃើញនេះ ទំនងជាបានធ្លាក់មកដល់ភពផែនដីនៅតំបន់ក្នុងទីក្រុង Gancedo កាលពី៤ ០០០ឆ្នាំមុន ។
នេះគឺជាដុំអាចម៍ផ្កាយមានទំហំធំទីពីរដែលក្រុមអ្នកវិទ្យាសាស្ត្របានរុករកប្រទះឃើញ បន្ទាប់ពីអាចម៍ផ្កាយឈ្មោះ Hoba កម្ពស់១ម៉ែត្រ ទម្ងន់៦៦តោន បានរកឃើញនៅប្រទេសណាមីប៊ី(Namabia) ក្នុងទ្វីបអាហ្វ្រិកខាងត្បូងកាលពីអំឡុងឆ្នាំ១៩២០ ៕