សំណើជាលាយលក្ខណ៍អក្សរចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (យោងតាមលិខិតលេខ២១០០លស ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ) ដែលស្នើសុំឲ្យមានការលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ "នគរបាល" ចំនួន៤៧០គ្រឿងនោះ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចអនុញ្ញាតយល់ព្រមហើយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ។
រថយន្តពាក់ស្លាកលេខ "នគរបាល" ចំនួន៤៧០គ្រឿង ដែលត្រូវបានអនុញ្ញាតឲ្យមានការលើកលែងពន្ធនាំចូលនោះ គឺពន្ធអាករជាបន្ទុករបស់រដ្ឋ ហើយត្រូវចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) ។
តាមកាកត់សម្គាល់នាពេលកន្លងមក មានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងពាក់ស្លាកលេខ "នគរបាល" តែមិនមានបង់ពន្ធនាំចូល ត្រូវបានកម្លាំងគយចល័តចាប់បង្ក្រាបឲ្យម្ចាស់រថយន្តចូលខ្លួនបង់ពន្ធតាមច្បាប់ ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសម្របសម្រួលឲ្យដោះលែងវិញ ជាហេតុធ្វើឲ្យពន្ធគយលើការនាំចូលរថយន្តខាតបង់រាប់លានដុល្លារអាមេរិក ។ លើសពីនេះ មានរថយន្តទំនើបៗពាក់ស្លាកលេខ "នគរបាល" មួយចំនួន បានធ្លាក់ទៅដល់ដៃជនមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗថែមទៀត ដូចជា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងជនបង្កគ្រោះថ្នាក់ចរាចរណ៍…។ល។
មិនតែប៉ុណ្ណោះ ការប្រើប្រាស់រថយន្តពាក់ស្លាកលេខ "នគរបាល" នាពេលកន្លងមក ដែលភាគច្រើនធ្លាក់ក្នុងដៃមន្ត្រីធំៗ គ្រាក់ៗ បម្រើការងារនៅក្រសួងមហាផ្ទៃ ចរាចរណ៍យ៉ាងហ៊ឺហានោះ "ទាំងមិនបង់ពន្ធនាំចូល" គឺរំលោភបំពានទៅលើមាត្រា៥ និងមាត្រា១២ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះយ៉ាងធ្ងន់ធ្ងរទៀតផង ។
រង់ចាំមើល តើប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន ក្រសួងពាក់ព័ន្ធ អាចទប់ស្កាត់ ឬលុបបំបាត់ការនាំចូលរថយន្តទំនើបៗមិនបង់ពន្ធគយ យកមកពាក់ស្លាកលេខ "នគរបាល" ឬ "ខេមរភូមិន្ទ" … ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងហ៊ឺហា ឲ្យមានប្រសិទ្ធភាពពិតប្រាកដដែរឬទេ ? ៕