ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានផ្សាយឲ្យដឹងថា ស្ពានមួយកន្លែងឋិតនៅភាគខាងកើតខេត្ត Jiangxi ប្រទេសចិន បានបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ Ganjiang កាលពីវេលាម៉ោង០៩និង១៧នាទីព្រឹក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ បណ្តាលឲ្យកម្មករជួសជុលស្ពានចំនួន៣នាក់ស្លាប់បាត់បង់ជីវិត និង៥នាក់រងរបួស ព្រមទាំងខូចខាតទ្រព្យសម្ភារៈមួយចំនួនទៀត ។
អាជ្ញាធរចិនបានបញ្ជាក់ឲ្យដឹងថា ស្ពានដែលបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ Ganjiang នោះ មានប្រវែង៨២៨ម៉ែត្រ និងសាងសង់រួចរាល់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៩០ ។ កាលពីខែធ្នូ ឆ្នាំ២០១២ ស្ពាននេះត្រូវបានត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញ ។ ក្រុមកម្មករជួសជុលស្ពានបានដំណើរការជួសជុលចាប់តាំងពីខែសីហា ឆ្នាំ២០១៦មក លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ពាននេះក៏បានបាក់ធ្លាក់ចូលក្នុងទឹកទន្លេទាំងព្រឹកតែម្តង ។
មូលហេតុនៃការគ្រោះថ្នាក់បាក់ស្ពាននេះ ត្រូវបានអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតនៅឡើយ ៕