នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចឲ្យគណបក្សរៀបចំមហាបាតុកម្មអហិង្សានាពេលខាងមុខ ក្នុងគោលដៅទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ ដើម្បីធានាឲ្យបានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពតាមរយៈដំណោះស្រាយនយោបាយរួម ខណៈខាងសមត្ថកិច្ចរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសរួចហើយថា នឹងត្រៀមខ្លួនធ្វើការ «បង្ក្រាបបាតុកម្ម» ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
ដោយឡែក ស្ត្រីឈ្មោះ ធី សុវណ្ណថា ជាប្រធានអង្គការយុវជនកិច្ចការសង្គម ដែលមានទំនោរគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមរយៈបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ថា នឹងដឹកនាំពលរដ្ឋរាប់ម៉ឺននាក់ប្រឆាំងនឹងបាតុកម្មរបស់ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា មានប្រជាពលរដ្ឋជាច្រើនគាំទ្រគណបក្សសង្គ្រោះជាតិ ដូច្នេះបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងមិនខ្វះប្រជាពលរដ្ឋចូលរួមឡើយ ហើយក៏មានប្រជាពលរដ្ឋជាច្រើននាក់ដែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់កាប់អំណាច និងមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជា ដូច្នេះបើមេដឹកនាំគណបក្សប្រជាជនកម្ពុជា «បើកភ្លើងខៀវ» ឲ្យនាំគ្នាធ្វើបាតុកម្មទប់ទល់ និងបង្ក្រាបតបតទៅលើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនោះ នឹងមិនខ្វះប្រជាពលរដ្ឋចូលរួមបាតុកម្មដូចគ្នា។ ទីបំផុត បាតុកម្ម និងបាតុកម្មនឹងប៉ះទង្គិចគ្នា ហើយក៏អាចឈានទៅមានអំពើហិង្សាជាយថាហេតុ រវាងអ្នកគាំទ្រគណបក្សនយោបាយរៀងៗខ្លួន។
មជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានបញ្ចញទស្សនៈថា ដើម្បីធានាឲ្យមានឯកភាពជាតិ និងបរិយាកាសនយោបាយល្អប្រសើរពិតប្រាកដ គប្បីថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋភានីតិកាលទី៥ ចូលតុជួបពិភាក្សាគ្នារកដំណោះស្រាយរួមមួយតម្កល់ផលប្រយោជន៍ជាតិជាធំ ប្រសើរជាងបណ្តែតបណ្តោយឬជំរុញឲ្យកម្លាំងចលនាបាតុកម្មប៉ះទង្គិចគ្នាកើតឡើង បង្កអំពើហិង្សាឲ្យឈាមប្រជាពលរដ្ឋខ្មែរបន្តហូរជាយថាហេតុក្រោមរូបភាព «បាតុកម្មទប់ទល់តបត និងបង្ក្រាបបាតុកម្ម»៕