បន្ទាប់ពីឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលមានសំណុំរឿងក្តីនៅស្ថាប័នតុលាការ ហើយត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យសេចក្តី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់០៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទ "បដិសេធក្នុងការចូលខ្លួន" នោះ ធ្វើឲ្យមជ្ឈដ្ឋាននានា ជាពិសេសមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានចោទចាសំណួរថា តើឯកឧត្តម កឹម សុខា មានសិទ្ធិចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ តាមកាលបរិច្ឆេទកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រៀមទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខដែរឬទេ ?
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានធ្វើការពន្យល់ថា សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចផ្តន្ទាទោសឯកឧត្តម កឹម សុខា ដែលកំពុងឋិតក្នុងមុខតំណែងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាជនជាប់ចោទឋិតនៅក្រៅឃុំនោះ មិនទាន់ចូលជាស្ថាពរនៅឡើយ (អាចមានសិទ្ធិប្តឹងឧទ្ធរណ៍តាមនីតិវិធីនៃច្បាប់បន្ត) និងយោងតាមមាត្រា៣៨ កថាខណ្ឌទី៧នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ចែងថា "ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។ " ព្រមទាំងមាត្រា៤៦ កថាខណ្ឌទី២ ចំណុចទី៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលបានចែងថា "…ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌ ៖ មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត" ដូច្នេះ ឯកឧត្តម កឹម សុខា មានសិទ្ធិពេញទីក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ស្របតាមច្បាប់ ។
ប្រភពព័ត៌មានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា នៅសប្តាហ៍ក្រោយ គ.ជ.ប នឹងពិនិត្យសម្រេចអំពីលក្ខណៈសម្បត្តិរបស់ឯកឧត្តម កឹម សុខា តើអាចចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦បានឬមិនបាន ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងដែរថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ យោងតាមច្បាប់មិនមានឧបសគ្គអ្វីសម្រាប់ឯកឧត្តម កឹម សុខា ទេ ប៉ុន្តែឯកឧត្តម កឹម សុខា អាចនឹងបាត់បង់សិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតឆ្នាំ២០១៨ខាងមុខ (បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦) ប្រសិនបើមេដឹកនាំគណបក្សកាន់កាប់អំណាចនៅកម្ពុជាបន្តធ្វើទុក្ខបុកម្នេញ ឬ"ដាក់សម្ពាធ" និងមិនទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រ តាមការទូលស្នើសុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាចផុតលេខ ៕