ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១

ឯកឧត្តម កឹម សុខា នឹងបាត់បង់សិទ្ធិឈរឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើបក្សកាន់អំណាចបន្តដាក់សម្ពាធ និងមិនទទួលបានការលើកលែងទោស

​ដោយ​មិន​ខ្ចី​ពិចារណា​លើ​ហេតុផល​ទៅ​នឹង​ពាក្យបណ្តឹង​ឧទ្ធរណ៍​នឹង​ដីកា​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ពាក្យបណ្តឹង​ដិត​ចិត្តនឹង​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​សំណាក់​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ជា​ជនជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤០១​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ "​បដិសេធ​ក្នុង​ការ​ចូលខ្លួន​"​ នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ លោក​ កែវ​ មុនី​ អនុប្រធាន​សាលាដំបូង​ និង​ជា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ​កំបាំង​មុខ​ជនជាប់ចោទ​ និង​សហ​មេធាវី​ជនជាប់ចោទ​ ដោយ​វិនិច្ឆ័យ​សម្រេច​ផ្តន្ទាទោស​ឯកឧត្តម​ កឹ​ម​ សុខា​ ដាក់​ពន្ធនាគារ​កំណត់​០៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​ ។​

​ទោះបី​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ផ្តន្ទាទោស​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ ដាក់​ពន្ធនាគារ​កំណត់​០៥​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​ម៉ឺន​រៀល​ ដោយ​មិន​មានការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ក្តី​ និង​បើកផ្លូវ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​នេះ​បន្ត​ទៀត​ក្តី​ ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សំអាង​លើ​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ឯកឧត្តម​ កឹ​ម​ សុខា​ ដែល​មានឈ្មោះ​ជា​ជនជាប់ចោទ​ អាច​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៨​ខាង​មុខ​ ប្រសិនបើ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ "​ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"​ បន្ត​បង្កើត​ព្យុះ​ភ្លៀង​ "​ដាក់​សម្ពាធ​"​ តទៅ​ទៀត​ និង​បើ​មិន​ទទួល​បានការ​លើកលែងទោស​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​ការ​ស្នើ​ក្រាប​បង្គំ​ទូល​ថ្វាយ​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ទេ​នោះ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​ពន្យល់​ថា​ ក្រោម​ឥទ្ធិពល​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជាក់ស្តែង​ណាស់​ "​នីតិវិធី​ច្បាប់​"​ និង​ "​ភាព​សម​ហេតុ​សម​ផល​"​ មិន​សំខាន់​សម្រាប់​ស្ថាប័ន​តុលាការ​កម្ពុជា​ដែល​ធ្លាប់​ប្រព្រឹត្ត​ខុសឆ្គង​ជា​ហូរហែ​ទេ​ ហើយ​តុលាការ​ត្រូវ​តែ​សម្រេច​តាម​ការ​ចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ម្យ៉ាងទៀត​ បើ​អនុលោម​ទៅ​តាម​មាត្រា​៥៣៥​ក្តី​ និង​មាត្រា​៥៤១​ក្តី​(​ការ​មាន​នីតិសម្បទា​ឡើង​វិញ​ដោយ​លក្ខណៈ​ច្បាប់​)​ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​២៤​ ចំណុច​ទី​២​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​បាន​ចែង​ថា​ "​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ៖​ ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ​…"​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ នឹង​គ្មាន​ឱកាស​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ឲ្យ​ទាន់​ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ឡើយ​ ហើយ​ក៏​ជា​បច្ច័យ​អាក្រក់​នាំ​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជា​ស្ថាពរ​ ។​

​ដូច្នេះ​ ដំណោះស្រាយ​មាន​តែ​មួយ​គត់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ឯកឧត្តម​ កឹ​ម​ សុខា​ ទទួល​បាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ខាង​មុខ​ គឺ​ត្រូវ​រង់ចាំ​ "​ភ្លើង​ខៀវ​"​ ពី​បុរស​ខ្លាំង​ជា​ប្រធាន​គណបក្សកាន់អំណាច​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ ដែល​អាច​ "​ដក​សម្ពាធ​"​ និង​ "​លើកលែងទោស​"​ ដូច​ករណី​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ទទួល​បាន​ចំនួន​២​លើក​រួច​មក​ហើយ​ (​លើក​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០០៦​ និង​លើក​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៣)​ ៕​

Filed in: Feature, តុលាការ, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.