លោកវរសេនីយ៍ឯក ឡុង រុក្ខា នាយនគរបាលជាតិថ្នាក់វរសេនីយ៍នៃក្រសួងមហាផ្ទៃ អត្តលេខ០៧១៣៧ ដែលទើបត្រូវបានក្រសួងមហាផ្ទៃសម្រេចដកហូតមុខតំណែងខ្លាញ់ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មីជានាយការិយាល័យនីតិកម្ម នៃនាយកដ្ឋានរដ្ឋបាល-សរុប ដោយប្រកាសលេខ៦១៦០ ប្រក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងការផ្តល់ផ្ទះសម្បែងរបស់ខ្លួនផ្ទាល់ឲ្យជនជាតិយួនចំនួន៥នាក់ស្នាក់នៅ និងធ្វើសកម្មភាពរុករក និងជីករ៉ែខុសច្បាប់ នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បង្ក្រាប និងចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នោះ គឺមានមុខតំណែងជាជំនួយការសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថែមទៀត ដែលជាប្រការធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្រៅពីត្រូវបានក្រសួងមហាផ្ទៃដកហូតមុខតំណែងខ្លាញ់ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងផ្ទេរភារកិច្ចឲ្យទៅកាន់មុខតំណែងថ្មីជានាយការិយាល័យនីតិកម្មនៃនាយកដ្ឋានរដ្ឋបាល-សរុប តាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះ គឺលោកស័ក្តិ៥ប៉ូលិស ឡុង រុក្ខា ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីចេញដីកាកោះឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការក្នុងនាមជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌរុករក និងជីករ៉ែខុសច្បាប់នៅថ្ងៃស្អែកទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ផងដែរ ។
លោក ឡុង រុក្ខា នាយនគរបាលជាតិថ្នាក់វរសេនីយ៍នៃក្រសួងមហាផ្ទៃ អត្តលេខ០៧១៣៧ និងអតីតកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ដោយអនុក្រឹត្យលេខ៨២១អនក្រ.តត ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣ ។ ក្រោយមកទៀត លោកវរសេនីយ៍ឯក ឡុង រុក្ខា ក៏ទទួលបានការតែងតាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង (អតីតឯកឧត្តម ស ខេង) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើប្រធាននាយកដ្ឋានបន្ថែមលើមុខងារបច្ចុប្បន្ន (មិនយកប្រាក់បៀវត្សរ៍) ដោយអនុក្រឹត្យលេខ១១៧៣អនក្រ.តត ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ។
ក្រុមសមត្ថកិច្ចប៉ូលិសខេត្តរតនគិរីមួយចំនួនបានលាន់មាត់ថា ថ្វីដ្បិតលោកវរសេនីយ៍ឯក ឡុង រុក្ខា កាន់តំណែងត្រឹមជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងមានឋានន្តរស័ក្តិត្រឹមស័ក្តិ៥ក៏ដោយ ក៏ប៉ុន្តែចាប់តាំងពីលោកស័ក្តិ៥រូបនេះទទួលបានការតែងតាំងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ថែមលើមុខងារបច្ចុប្បន្នមក គឺឥទ្ធិពលអំណាចរបស់លោកវរសេនីយ៍ឯក ឡុង រុក្ខា “មិនសាមញ្ញ” ពេកឡើយ ហើយលុយកាក់ក៏ចេះតែកាក់កបគ្រប់ច្រកតែម្តង ៕