ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩

គ្រោះថ្នាក់ចរាចរណ៍សម្លាប់កូនប្រុសគ្រូបង្រៀនស្រុករំដួល១ករណី បង្កដោយកូនប្រុសមន្ត្រីប៉ូលិសម្នាក់ បន្សល់នូវភាពអយុត្តិធម៌សម្រាប់ជនរងគ្រោះ

​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​មួយ​ករណី​ កាលពី​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ នៅ​ត្រង់​ចំណុច​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​ កែង​ផ្លូវ​លេខ​១៦៩​ ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​កូនប្រុស​មន្ត្រី​ប៉ូលិស​ក្រសួងមហាផ្ទៃ​​ម្នាក់​ជិះ​រថយន្ត​ម៉ាក​ Lexus​ IS250​ ពាក់​ស្លាក​លេខ​នគរបាល​ 2-1267​ ទាំង​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ បុក​ទៅ​លើ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​ YAMAHA​ FZ​ នោះ​ បាន​បន្សល់​ទុក​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ស្លាប់​បាត់បង់​ជីវិត​ និង​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព​ ទាំង​តាម​ផ្លូវ​តុលាការ​ ទាំង​លើ​សំណង​ជួសជុល​ការ​ខូចខាត​ ។​

​លោក​ កែវ​ ច​ន្ធី​ អាយុ​៤៧​ឆ្នាំ​ ជា​គ្រូបង្រៀន​នៅ​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ ជា​គ្រូបង្វឹក​បាល់ទាត់​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយចេក​ ឃុំ​ស្វាយចេក​ ស្រុក​រំដួល​ ខេត្តស្វាយរៀង​ និង​ត្រូវជា​ឪពុក​របស់​យុវជន​រង​គ្រោះ​ឈ្មោះ​ យ៉ា​ន​ ពុទ្ធា​រ៉ា​ អាយុ​២១​ឆ្នាំ​ មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ បាន​រៀបរាប់​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោកសៅ​ បណ្តាល​ឲ្យ​កូនប្រុស​របស់​លោក​ស្លាប់​បាត់បង់​ជីវិត​នោះ​ គឺ​បង្ក​ឡើង​ដោយ​ឈ្មោះ​ លី​ ហរ​អាង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ត្រូវជា​កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍​ប៉ូលិស​ ជា​ ពៅ​ ។​ ក្នុង​ករណី​នេះ​ដែរ​ ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព​ជន​រង​គ្រោះ​មិន​ទទួល​បាន​សំណង​ឡើយ​ សូ​ម្បី​តែ​ប្រាក់​១​សេន​ និង​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ថែម​ទៀត​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​អនុលោម​តាម​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១២​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យាន​ជំ​និ​ញ​ និង​យោង​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​លោក​ កែវ​ ច​ន្ធី​ ជា​ឪពុក​របស់​សព​យុវជន​រង​គ្រោះ​នោះ​ គឺ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​បង្កប់​ទៅ​ដោយ​ភាព​មិន​ប្រក្រតី​គួរ​ឲ្យ​ចាប់អារម្មណ៍​ ដូច​ខាងក្រោម​ ៖

១-​រថយន្ត​បង្ក​ដែល​ជន​បង្ក​ត្រូវជា​កូនប្រុស​មន្ត្រីប៉ូលិសឈ្មោះ​ ជា​ ពៅ​ ប្រើប្រាស់​ពាក់​ស្លាក​លេខ​នគរបាល​ 2-1267​ ដែល​គ្មាន​លាប​ពណ៌​ពិសេស​កំណត់​ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ នៅ​ជញ្ជាំង​ទ្វារ​សងខាង​រថយន្ត​គ្មាន​រចនា​រូប​សញ្ញា​របស់​នគរបាល​ជាតិ​ និង​គ្មាន​សរសេរ​អក្សរ​នគរបាល​ ជា​អក្សរ​ឡា​តាំង​ POLICE​ ដាក់​នៅ​ក្រោម​អក្សរ​ខ្មែរ​ ឬ​នៅ​លើ​តួ​រថយន្ត​ គឺជា​ការ​រំលោភ​បំពាន​ទៅ​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ។​

២-​ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សោកសៅ​នេះ​ទៅ​វិញ​ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​បង្ក​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ និង​ការ​ផ្តន្ទាទោស​យ៉ាង​ហ៊ឺហា​ ។​

៣-​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព​ជន​រង​គ្រោះ​បែរជា​មិន​ទទួល​បាន​សំណង​នៃ​ការ​ខូចខាត​សូ​ម្បី​តែ​ប្រាក់​មួយ​រៀល​ ដែល​ឆ្លុះ​បញ្ចាំង​នូវ​រូបភាព​អមនុស្សធម៌​ និង​អយុត្តិធម៌​បំផុត​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះបី​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កប់​នូវ​ភាព​មិន​ប្រក្រតី​យ៉ាងណា​ក៏​ដោយ​ ក៏​ឥទ្ធិពលរបស់​មន្ត្រីប៉ូលិស​ ជា​ ពៅ​ នៅ​ក្នុង​ស្ថានភាព​សង្គម​ខ្មែរ​បច្ចុប្បន្ន​ គឺ​ស្ថាប័ន​តុលាការ​មិន​ហ៊ាន​ចាត់ការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​ជន​បង្ក​ឡើយ​ ពោល​មាន​តែ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​ប៉ុណ្ណោះ​ ៕

​​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.