ទោះបីមិនទាន់មានដីកាបង្គាប់ឲ្យចាប់ខ្លួនពីស្ថាប័នតុលាការទៅលើឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលកំពុងបម្រើការងារ និង "ស្នាក់នៅ" ក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិអស់រយៈពេលជាច្រើនខែ ឋិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រោះតែជាប់ឈ្មោះជា "ជនជាប់ចោទ" ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់ពីបទ "បដិសេធក្នុងការចូលខ្លួន" ក៏ដោយ ស្រាប់តែនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងអូប័រចល័តគំរាមទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិទៅវិញ ក្រោមរូបភាព "រក្សាសន្តិសុខសណ្តាប់ធ្នាប់" ឬ ចង់សំដៅថា "ចូលរួមអនុវត្តដីកា ឬសាលក្រម ឬសាលដីកាតុលាការ" ខណៈឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានចេញមុខប្រកាសឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ "សំដៅលើទាហាន" នឹងចាត់វិធានការធានាការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន២នាក់ (ទាំងលោក សម រង្ស៊ី ជាប្រធានគណបក្ស ទាំងឯកឧត្តម កឹម សុខា ជាប្រធានស្តីទីគណបក្ស) បើមានសំណូមពរពីតុលាការ (Sic!) ។
ទិដ្ឋភាពគំរាមកំហែងទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រចល័ត (ផ្លូវអាកាស) និងអូប័រចល័ត(ផ្លូវទឹក) ពីលើមេឃ និងលើផ្ទៃទឹកទន្លេបាសាក់ ឆ្វែលទីស្នាក់ការគណបក្សសង្គ្រោះជាតិ (ខ្វះតែការចល័តរថពាសដែកជាផ្លូវគោកប៉ុណ្ណោះ)យ៉ាងហ៊ឹកហ៊ាក់ ពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចរបស់តុលាការបែបនេះ គឺជាករណីកម្រមួយផង និងក៏ជារឿងគួរឲ្យអស់សំណើចផង ខណៈបទល្មើសធំៗបង្កវិនាសកម្មដល់ជាតិជាច្រើនករណីផ្សេងទៀត មិនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ការយ៉ាងហំហានដូច្នេះឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានបញ្ចេញទស្សនៈថា អំពើរបស់គណបក្សប្រជាជនកម្ពុជាពីមួយជំហានទៅមួយជំហាន គំរាមកំហែងទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំង មានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ទាំងបំពានច្បាប់ម្តងហើយម្តងទៀតយ៉ាងសកម្មដូច្នេះ គឺបានញ៉ាំងឲ្យកិត្យានុភាពរបស់គណបក្សសង្គ្រោះជាតិកាន់តែល្បី រីឯមុខមាត់របស់គណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែ និងមានទ្រព្យសម្បត្តិមហាសាលនៅកម្ពុជា កាន់តែអាប់ឱន ដ្បិតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រើគ្រប់មធ្យោបាយបណ្តេញលោក សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាមេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីសង្វៀនប្រកួតនយោបាយជាមួយខ្លួន ដែលជាការកើតចេញពីអារម្មណ៍ភ័យខ្លាច ៕