ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

មេទ័ពស្រីរបស់ជប៉ុន «ត្បក» មហាអំណាចចិនរឿងអាវុធបរមាណូ

រដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន និងជាមេធាវីម្នាក់ផង គឺលោកស្រី Tomomi Inada ធ្លាប់បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានថា «ពេលនេះជប៉ុនមិនទាន់ទិញ ឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអនាគតស្ថានភាពអាចនឹងមានការផ្លាស់ប្ដូរ» ដែលការបញ្ជាក់ប្រាប់របស់មេទ័ពស្រីរបស់ជប៉ុនរូបនេះ កើតឡើងក្រោយការគំរាមកំហែងប្រកាសធ្វើសង្គ្រាមបរមាណូរបស់មហាអំណាចចិនក្នុងសំណុំរឿងជម្លោះដែនសមុទ្រចិនខាងកើត និងខាងត្បូង និងការគំរាមកំហែងខាងមីសុីលរបស់កូរ៉េខាងជើងច្រើនលើកច្រើនសាមកលើបូរណភាពទឹកដីរបស់ជប៉ុន ។

អំពើគំរាមកំហែងរបស់មហាអំណាចចិន និងកូរ៉េខាងជើងខាងអាវុធយុទ្ធភ័ណ្ឌនោះ ធ្វើឲ្យរដ្ឋាភិបាលជប៉ុនសម្រេចដំឡើងថវិកាចំណាយក្នុងវិស័យយោធាសម្រាប់ឆ្នាំ២០១៧ខាងមុខរហូតដល់ប្រមាណ ៥១ ០០០លានដុល្លារអាមេរិក និងអាចកើនឡើងថែមជាងនេះទៀតសម្រាប់ឆ្នាំបន្ទាប់ ។

សារព័ត៌មាន South China Morning Post បានផ្សព្វផ្សាយឲ្យដឹងថា ថវិកាដ៏ច្រើនសន្ធឹកក្នុងវិស័យយោធារបស់ជប៉ុននេះ គឺជប៉ុននឹងចំណាយលើការធ្វើទំនើបកម្មប្រព័ន្ធខែលការពារមីសុីលធុន Patriot Advanced Capability-3 (PAC-3) និងទិញយន្ដហោះចម្បាំងដ៏ទំនើបធុន F-35 ពីក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin Corp. របស់សហរដ្ឋអាមេរិក ។

ទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុនធ្លាប់បានផ្សព្វផ្សាយឲ្យដឹងថា ក្រៅពីធ្វើទំនើបកម្មមីសុីលធុន PAC-3 គឺជប៉ុនក៏កំពុងពិចារណាបំពាក់ខែលការពារមីសុីលដ៏ទំនើបធុន Terminal Hight Altitude Area Defense (THAAD) ដែលទិញពីសហរដ្ឋអាមេរិកថែមទៀតផង ដ្បិតមីសុីលធុន THAAD នេះត្រូវបានអាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នានឹងដាក់ដំឡើងនៅប្រទេសកូរ៉េខាងត្បូងរួចហើយ ។

ក្រុមអ្នកវិភាគយុទ្ធសាស្ដ្រយោធាអន្ដរជាតិបានលើកឡើងថា ថ្វីដ្បិតជប៉ុនមិនទាន់មានអាវុធបរមាណូក៏ពិតមែន ប៉ុន្តែនៅក្នុងទីបញ្ជាការដ្ឋានកងទ័ពអាមេរិកលើទឹកដីជប៉ុននឹងអាចមានអាវុធបរមាណូដើម្បីតបតទៅនឹងសត្រូវគ្រប់ពេល បើមានសង្គ្រាមកើតឡើង ។ លើសពីនេះ ក្រោមការជួយជ្រោមជ្រែងបើកភ្លើងខៀវពីមហាអំណាចអាមេរិក គឺធនធាន និងសក្ដានុពលរបស់ប្រទេសជប៉ុននឹងអាចផលិតអាវុធបរមាណូ និងអាវុធយុទ្ធភ័ណ្ឌ ព្រមទាំងយន្ដហោះចម្បាំងទំនើបៗដោយខ្លួនឯងបានក្នុងរយៈពេលយ៉ាងខ្លីខាងមុខ ដូចដែលលោកស្រី Tomomi Inada រដ្ឋមន្ដ្រីការពារជាតិជប៉ុន «ត្បក»មហាអំណាចចិនថា «ពេលនេះជប៉ុនមិនទាន់ទិញ ឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអនាគត ស្ថានភាពអាចនឹងមានការផ្លាស់ប្ដូរ» រួចហើយ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.